ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកត្រឹម ៣,៩% នៅក្នុងឆ្នាំនេះ

ភ្នំពេញះ- ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកត្រឹម ៣,៩% សម្រាប់ឆ្នាំ​២០២៦ ពី ៤,១% ដែលបានព្យាករកាលពីខែកក្កដា ឆ្លុះបញ្ចាំងពីសកម្មភាពខ្សោយជាងការរំពឹងទុក​ក្នុងវិស័យ​ទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធនានា។

– កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៤,៧% ក្នុងឆ្នាំ២០២៧ ជំរុញដោយភាពធន់នៃវិស័យកម្មន្តសាល ការធ្វើពិពិធកម្មការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា៖ «សេដ្ឋកិច្ចកម្ពុជាបន្តបង្ហាញភាពធន់។ កំណើនដ៏រឹងមាំនៃការនាំចេញផលិតផលកម្មន្តសាល និងការបន្តមានលំហូរចូលទុន​វិនិយោគពីបរទេស កំពុងជួយប៉ះប៉ូវបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍»។

– លោកស្រីបន្ថែមថា កិច្ចខិតខំប្រឹងប្រែងជាបន្ត​បន្ទាប់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនសមត្ថភាពប្រកួតប្រជែង ការគាំទ្រគ្រួសារងាយរងគ្រោះ ក៏ដូចជាការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានសារៈ​សំខាន់​ណាស់​ សម្រាប់ការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន។

– ADB បានបង្ហាញថា ការព្យាករអតិផរណាត្រូវបានដំឡើង ឆ្លុះបញ្ចាំងពីការកើនឡើងនៃថ្លៃប្រេងពិភពលោក និងការកើនឡើងថ្លៃដើមនៃការនាំចូល។

– អតិផរណាបានកើនឡើងពីអត្រា ២,៦% ឆ្នាំលើឆ្នាំ​ ក្នុងខែកុម្ភៈ ទៅដល់ ៧,២% ក្នុងខែឧសភា មុនពេលថមថយមកត្រឹម ៥,៥% ក្នុងខែកក្កដា។ ជារួម ADB ព្យាករថា អតិផរណាជាមធ្យមនឹងស្ថិតនៅកម្រិតប្រមាណ ៤,៧% សម្រាប់ឆ្នាំ២០២៦ និង ២,៨% ក្នុងឆ្នាំ២០២៧ ដោយសារវិធានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈ និងតម្លៃប្រាក់រៀលដែលជាទូទៅមានស្ថិរភាព ជួយបន្ធូរបន្ថយសម្ពាធថ្លៃទំនិញ។

– គោលនយោបាយសារពើពន្ធ ត្រូវបានរំពឹងថា នឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ច ដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ មូលធនមនុស្ស និង​កម្មវិធីគាំពារសង្គម ដែលជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល។ ឱនភាពគណនីចរន្តត្រូវបានរំពឹងថា នឹងកើនឡើងក្នុងឆ្នាំ ២០២៦ ដោយសារថ្លៃនាំចូលខ្ពស់ជាងមុន និង ចំណូលទេសចរណ៍ខ្សោយជាងមុន។

– ទោះជាយ៉ាងណា ការវិនិយោគផ្ទាល់ពីបរទេសដ៏រឹងមាំ ត្រូវបានរំពឹងថានឹងបន្តគាំទ្រដល់ទុនបម្រុងអន្តរជាតិរបស់កម្ពុជា។

– វិស័យឧស្សាហកម្មនៅតែជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ការនាំចេញផលិតផលកម្មន្តសាល ក្រៅពីសម្លៀកបំពាក់​ បានកើនឡើង ៣៨,៤% ឆ្នាំលើឆ្នាំ​ ក្នុងឆមាសទីមួយ នៃឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការធ្វើពិពិធកម្មលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ជាងមុនរួមមាន​គ្រឿង បង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត សំបកកង់ឡាន និងសម្ភារ​ និងសង្ហារឹមធ្វើពីឈើ។

– ការនាំចេញ សម្លៀកបំពាក់បានកើនឡើង ៦,៣% ដល់ ៨,០ ពាន់លានដុល្លារ ខណៈដែលវិស័យសំណង់ និងអចលនទ្រព្យនៅបន្តភាពទន់ខ្សោយ។

– កំណើនវិស័យសេវាកម្ម​ ត្រូវបានរំពឹងថា នឹងមានភាពទន់ខ្សោយជាងការរំពឹងទុក ដោយសារសកម្មភាពទេសចរណ៍បានធ្លាក់ចុះ។ ចំនួនភ្ញៀវទេសចរអន្តរជាតិបានថយចុះ ៤៧,៩% ធៀបនឹងឆ្នាំមុន មកនៅត្រឹម ១,៨ លាននាក់​ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ឬត្រឹមតែជាងពាក់កណ្តាលនៃកម្រិតមុនមានជំងឺរាត​ត្បាត​កូវីដ១៩។

– ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត និងការបិទព្រំដែនគោកកម្ពុជា-ថៃ បានបន្ថែមបន្ទុកលើសកម្មភាពទាក់ទងនឹងវិស័យទេសចរណ៍ រួមមានសេវាដឹកជញ្ជូន បដិសណ្ឋារកិច្ច និងពាណិជ្ជកម្ម។

– វិស័យកសិកម្មត្រូវបានរំពឹងថា នឹងរួមចំណែកតិចតួចដល់កំណើនសេដ្ឋកិច្ច ដែលជួយជំរុញដោយតម្រូវការសម្រាប់​ការនាំចេញដូចជាគ្រាប់ស្វាយចន្ទី ដំឡូងមី និង​ អង្ករ។

– ទស្សនវិស័យសេដ្ឋកិច្ចខាងលើ នៅតែប្រឈមនឹងហានិភ័យអវិជ្ជមាន រួមទាំងការរំខានពីអាកាសធាតុអាក្រក់​ បង្កដោយបាតុភូតអែលនីញ៉ូ (El Niño) ដែលអាចកើតមាននៅចុង ឆ្នាំ២០២៦ និងដើម ឆ្នាំ២០២៧៕

 

You might like