អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ី ១២នាក់

ព្រះសីហនុះ – កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងផ្ទះល្វែងមួយកន្លែង ដោយបានឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីចំនួន ១២នាក់ ព្រមទាំងដកហូតឧបករណ៍សម្ភារបម្រើឱ្យបទល្មើសជាច្រើនគ្រឿង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ២០:៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ ក្រោមការចង្អុលបង្ហាញពី លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។

– នៅក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខចំនួន ១២នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង និងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងខាងលើ ដោយរកឃើញជនជាតិឥណ្ឌូណេស៊ីចំនួន ១២នាក់ (ស្រី ០៣នាក់)។

– ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រលើតុ (All in One) ចំនួន ១៣គ្រឿង , ទូរសព្ទដៃ Online ចំនួន ២៨គ្រឿង និងទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ១៩គ្រឿង , ស៊ីមកាត ចំនួន៥២សន្លឹក , លិខិតឆ្លងដែន ចំនួន០៨ក្បាល, ប័ណ្ណការងារ ០២សន្លឹក, អត្តសញ្ញាណប័ណ្ណ ០២សន្លឹក និងកាតធនាគារ ០២សន្លឹក។

– បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕

 

You might like