អន្តរជាតិះ – បន្ទាប់ពីទទួលបានសញ្ញាព្រមានពីការឆេះម៉ាស៊ីន អំឡុងពេលហោះហើរ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Air Niugini ដែលដឹកអ្នកដំណើរ និងបុគ្គលិកបម្រើការលើយន្តហោះសរុប ១៤៦ នាក់ ធ្វើដំណើរពីទីក្រុងហុងកុង ទៅកាន់ប្រទេសប៉ាពួញូហ្គីណេ បានសម្រេចចុះចតជាបន្ទាន់ដោយសុវត្ថិភាពនៅទីក្រុងមួយភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើយោងតាមមន្ត្រីអាកាសចរណ៍ហ្វីលីពីន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បើតាមអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសហ្វីលីពីន មិនមាននរណាម្នាក់រងរបួសនោះទេ ក្នុងចំណោមអ្នកដំណើរ ១៣៧ នាក់ និងបុគ្គលិកបម្រើការលើយន្តហោះ ៩ នាក់។ ពួកគេបានចុះចេញពីយន្តហោះប្រភេទ Boeing 767-383ER នេះ តាមរយៈស្លាយសម្រាប់ជម្លៀសក្នុងគ្រាអាសន្ន បន្ទាប់ពីយន្តហោះបានផ្លាស់ប្តូរទិសដៅពីផ្លូវហោះហើរដើម ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Davao។
– អំឡុងពេលកើតហេតុ ក្រុមអ្នកបើកបរយន្តហោះបានរាយការណ៍ថា ពួកគេបានរកឃើញសញ្ញាបង្ហាញពីលទ្ធភាពនៃការមានផ្កាភ្លើង ឬអគ្គិភ័យនៅក្នុងម៉ាស៊ីនខាងស្តាំ។
– ទន្ទឹមគ្នានេះ លោក Eric Apolonio អ្នកនាំពាក្យអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសហ្វីលីពីន បានឱ្យដឹងថា ក្រុមអ្នកបើកបរបានអនុវត្តតាមនីតិវិធីសុវត្ថិភាព និងបានស្នើសុំចុះចតនៅទីក្រុង Davao ជាការចុះចតក្រៅកាលវិភាគ នៅពេលបន្តិចក្រោយពាក់កណ្តាលអធ្រាត្រ។ លោកបានបន្ថែមថា នឹងមានការស៊ើបអង្កេតមួយដែលរួមបញ្ចូលទាំងការសាកសួរព័ត៌មានពីក្រុមអ្នកបើកបរយន្តហោះផងដែរ។
– គូសបញ្ជាក់ថា អ្នកដំណើរ និងបុគ្គលិកបម្រើការលើយន្តហោះទាំងអស់ ត្រូវបាននាំទៅកាន់អគារស្ថានីយអាកាសយានដ្ឋាន ដោយទទួលបានការជួយសម្របសម្រួល និងការផ្តល់កន្លែងស្នាក់នៅតាមសណ្ឋាគារ៕

