រដ្ឋបាល ត្រាំ អនុម័តការលក់បន្ទះឈីប AI កម្រិតខ្ពស់ ជិត ៩០០ ០០០ បន្ទះ ទៅឱ្យក្រុមហ៊ុនចិន

អន្តរជាតិះ – រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តការនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ជិត ៩០០ ០០០ បន្ទះ របស់ក្រុមហ៊ុន Nvidia និង AMD ទៅឱ្យក្រុមហ៊ុនចិន ក្នុងរយៈពេល ៦ ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យពី​គណៈកម្មាធិការ​កិច្ចការ​បរទេសនៃសភាតំណាងរាស្ត្រអាមេរិក ​ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមឯកសារ​របស់គណៈកម្មាធិការ​ ក្រសួងពាណិជ្ជកម្មអាមេរិកបានអនុម័តអាជ្ញាបណ្ណនាំចេញបន្ទះ​ឈីប​សរុបចំនួន ៨៧៩ ០០០ បន្ទះ ក្នុងនោះរួមមាន ៧៥ ០០០ បន្ទះសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា​ចិន​​ Alibaba, ១៥០ ០០០ បន្ទះសម្រាប់ក្រុមហ៊ុន Tencent, ៤៣ ០០០ បន្ទះសម្រាប់ក្រុមហ៊ុន​ Baidu និង ៤ ០០០ បន្ទះសម្រាប់ក្រុមហ៊ុនផលិតរថយន្ត BYD។ ក្រុមហ៊ុនទាំងនេះសុទ្ធតែស្ថិតនៅ​ក្នុងបញ្ជីរបស់មន្ទីរបញ្ចកោណអាមេរិក ​ថាមានទំនាក់ទំនងគាំទ្រផ្នែកយោធាចិន។

– យ៉ាងណាមិញ គេមិនទាន់ដឹងថា ក្នុងចំណោមបន្ទះឈីបចំនួន ៨៧៩ ០០០ បន្ទះដែលបានអនុម័ត មានប៉ុន្មានបន្ទះត្រូវបានដឹកជញ្ជូនទៅចិននោះទេ។ ឯកសារបង្ហាញថា ក្រុមហ៊ុននានាបានស្នើសុំអាជ្ញាបណ្ណនាំចេញបន្ទះឈីបសរុបជាង ៣,៤ លានបន្ទះ ដែលរួមមាន​ប្រភេទ Nvidia H200 និង AMD MI325X។

– គួរគូសបញ្ជាក់ថា ការចេញផ្សាយទិន្នន័យរបស់​គណៈកម្មាធិការ​កិច្ចការ​បរទេសនៃសភាតំណាងរាស្ត្រអាមេរិក ធ្វើឡើងចំពេលដែលរដ្ឋបាល ត្រាំ កំពុងរងសម្ពាធឱ្យពិនិត្យឡើងវិញនូវគោលនយោបាយនាំចេញបច្ចេកវិទ្យាទៅចិន ដោយសារមានការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិ និងលទ្ធភាពដែលបច្ចេកវិទ្យា AI កម្រិតខ្ពស់ អាចត្រូវបានប្រើប្រាស់ក្នុងវិស័យយោធាប្រទេសនេះ។

– ទោះបីជាយ៉ាងនេះក្ដី ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា ការអនុម័តរបស់រដ្ឋបាល ត្រាំ ស្ថិតក្រោមលក្ខខណ្ឌតឹងរ៉ឹង និងមានការកំណត់បរិមាណ។ ក្រុមហ៊ុន​បានបន្ថែមថា៖ «ទោះបីជាយើងទទួលបានអាជ្ញាបណ្ណមួយចំនួនក៏ដោយ ក៏យើងបានបញ្ឈប់ការដឹកជញ្ជូនបន្ទះឈីប H200 ទៅកាន់ប្រទេសចិនរួចហើយ»។ ចំណែក AMD បានអះអាងថា ខ្លួនគោរពយ៉ាងតឹងរ៉ឹងចំពោះច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក។

– គួររំឭកថា អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់ដាក់កំហិតលើការចូលប្រើបន្ទះឈីបកម្រិតខ្ពស់របស់ចិន ដោយបារម្ភថា បច្ចេកវិទ្យាទាំងនេះអាចជួយពង្រឹងសមត្ថភាពយោធាចិន និងធ្វើឱ្យអាមេរិកបាត់បង់អត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងផ្នែក AI។ ប៉ុន្តែកាលពីខែធ្នូ លោក ត្រាំ បានអនុញ្ញាតឱ្យ Nvidia នាំចេញបន្ទះឈីប H200 ទៅចិនវិញ ដោយបន្ធូរបន្ថយការរឹតត្បិតមួយចំនួនពីសម័យរដ្ឋបាលមុន៕

You might like