ជំនួប​​រវាង ស៊ី និង ត្រាំ លើក​នេះ ធំជាង​កិច្ច​ប្រជុំ​​​មហាសន្និបាតអង្គការសហប្រជាជាតិ ទៅទៀត​

អន្តរជាតិះ – ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) រយៈពេល​​៣ថ្ងៃ​ ចាប់ផ្តើម​ពីថ្ងពុធ​ដល់​ថ្ងៃ​សុក្រ ទៅកាន់សហរដ្ឋអាមេរិក ដើម្បី​ជួប​ពិភាក្សា​​​​ទ្វេភាគី​​​ផង និង បញ្ហា​សកល​ផង​ ជាមួយ​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ក្លាយ​ជាមូល​បទ​ដ៏​​​ចាប់អារម្មណ៍ខ្លាំង​​ជាងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែល​ មេដឹកនាំ​ និង តំណាង​​​នៃ​បណ្តា​ប្រទេសនា​​​នា​​កំពុង​ថ្លែង​​​សារ​នយោបាយ​​​​​​ដើម្បី​ឲ្យ​អន្តរជាតិ​បាន​ដឹង​ពីជំហរ​​​​​របស់ប្រទេសនិមួយៗ​ទៅ​លើ​បញ្ហា​​សកល​​នាពេលបច្ចុប្បន្ន​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​ប្រធានាធិបតីចិន​ លោក​​ ស៊ី ជីនពីង បាន​​ធ្វើដំណើរ​តាមយន្តហោះ Air China របស់​ប្រធានាធិបតី ​ដោយ​ចុះ​ចត​នៅ​​អាកាសយានដ្ឋានកង​ទ័ព​អាកាស​​ Joint Base Andrews របស់សហរដ្ឋអាមេរិកសម្រាប់​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​ទ្វេភាគី​​ដ៏កំពូល ហើយ​ប្រធានាធិបតី​​​អាមេរិក លោក ដូណាល់ ត្រាំ ​បានឈរ​ត្រៀម​ខ្លួន​ទទួល​ លោក ស៊ី ជិត​ដល់​ជណ្តើរ​យន្តហោះ ដោយ​ក្រាល​កម្រាល​ព្រំ​​ពណ៌​ក្រហម​ចាំទទួល​។​

– ទាំង​​​​បណ្តាញ​​សារ​ព័ត៌មាន​​​របស់សហរដ្ឋអាមេរិក និង សារព័ត៌មាន​​​របស់ចិន​​ សំខាន់ៗ​ ក៏ដូច​ជា​ បណ្តាញ​សារព័ត៌មាន​នៃ​បណ្តា​​ប្រទេសដទៃ​នៅជុំវិញ​ពិភពលោក ​បាន​បង្វែរ​​​​ការ​ផ្តោត​​របស់​ពួកគេ​មកកាន់​​​ជំនួប​មេដឹកនាំ​ចិន​ និង​សហរដ្ឋអាមេរិក​នេះ​​យ៉ាងខ្លាំង ដោយ​​ទម្លាក់​ចោល​ឬ​ថា​ផ្តល​់​តម្លៃ​ខ្លាំង​​លើ​​ព្រឹត្តិការណ៍​នានា​​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ឯកិច្ច​ប្រជុំ​កំពូល​មហាសន្និបាទ​នៃ​អង្គការ​សហប្រជាជាតិ​ (UNGA) ដែលនឹង​​ត្រូវ​​ចាយ​ពេលរហូត​ដល់​ថ្ងៃ​សុក្រ​នោះដែរ​។​

– សារ​ព័ត៌មាន​អាមេរិក​ CBS News បាន​​​​អត្ថាធិប្បាយថា ​​ដំណើរទស្សនកិច្ច​របស់​លោក​ ស៊ី ទៅកាន់សេតវិមាន​​លើ​​កនេះ គឺ​​ជាលើក​ទី១​​ក្នុងរយៈពេល​ជាង​​១ទសវត្សរ៍ ដោយ​​បង្ហា​ញ​ឲ្យ​ឃើញ​ពីការ​ទទួល​​ផ្លូវរដ្ឋ​​ ដែល​មាន​ប្រធានាធិបតី​ ត្រាំ អម​ជាមួយ​​​​កង​កម្លាំង​​យោធា​អាមេរិក​​ត្រៀម​​​​​ហែរហម​​។

– ​​​​​​សេចក្តី​អត្ថាធិប្បាយ​​​នោះ ក៏បាន​​បង្ហាញថា ​​​សហរដ្ឋអាមេរិក​​និង​ចិន​​នឹង​ប្តេជ្ញា​​​ថាតើ​កិច្ចព្រមព្រៀង​​​ដ៏​ផុយ​​ស្រួយ​​​របស់ពួកគេ​លើ​​ពន្ធ​គយ​ នឹង​បន្ត ​​ខណៈពេលដែល​​ក្តីកង្វល់​​កើន​ឡើង​​ដូច​ភ្នំ អំពី​ទំនាក់​ទំនង​​ចិន​ជាមួយអ៊ីរ៉ង់ និង រុស្ស៊ី​។​

– ​សារព័ត៌មានចិន ស៊ីហ៊ួរ​ (Xinhua) បាន​​​​​ផ្តោត​លើ​សារ​​​របស់​​ប្រធានាធិបតី​ចិន ដែលបាន​​សរសេរ​នៅពេលទៅ​ដល់​សហរដ្ឋអាមេរិក ដោយ​​​លោក ស៊ី ​​​បង្ហាញទំនុកចិត្ត​​ដេលចិន​និង​សហរដ្ឋអាមេរិក​​អាច​​​ស្វែង​រក​​ឃើញ​​​នូវ​ផ្លូវ​ត្រឹមត្រូវ​​ស្រប​គ្នា​​ក្នុង​​យុគសម័យ​ថ្មី​។​​ តាមសំណេរ​នោះ ​​លោក ស៊ី ​បាន​កត់សម្គាល់​ថា ​ប្រធានាធិបតី​​ ដូណាល់​ ត្រាំ ​យល់​​ស្រប​ដើម្បី​កសាង​​​ទំនាក់ទំនង​ចិន​និង​អាមេរិក ប្រកប​ដោយការស្ថាបនាគ្នា​លើ​​ស្ថិរភាព​យុទ្ធសាស្រ្ត​​ អំឡុងពេល​ដំណើរទស្សនកិច្ច​របស់​លោក ត្រាំ ទៅកាន់​ប្រទេសចិន​​កាល​ពីខែ​ឧសភា​​​កន្លងទៅ​ ដែល​​បាន​ផ្តល់​នូវ​​​មាគ៌ា​​​យុទ្ធសាស្រ្ត​សម្រាប់​​ការ​អភិវឌ្ឍ​​​ទំនាក់​ទំនង​ទ្វេភាគី​​ក្នុងពេលអនាគត។​

– ​​​​​​​មក​ដល់​របត់​មួយ​ដែល​ សហរដ្ឋអាមេរិក​​ត្រូវ​បាន​ពិភពលោក មើលឃើញ​ថា​ ជាអ្នក​បង្ក​​រឿង​​​ បង្កើតសង្គ្រាម​​នៅមជ្ឈិម​បូព៌ា ដោយ​សារ​តែ​ការ​ចូលរួម​​​​ជាមួយអ៊ីស្រាអែល​ក្នុងការ​​បើក​ការ​វាយប្រហារ​អ៊ីរ៉ង់​កាល​ពីចុង​ខែ​​កុម្ភៈ​កន្លងទៅ​ គឺ​ត្រឹមត្រែ​រយៈពេល​ជាង​១ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​​លើក​ទ័ព​​​ចូល​ទៅចាប់ខ្លួន​​ប្រធានាធិបតី​​វេណេស៊ុយអេឡា​ បាន​​​​​ធ្វើ​ឲ្យតួនាទី​របស់​ចិន​កាន់តែ​​ធំ និង មានតម្លៃ​ក្នុង​នយោបាយ​អន្តរជាតិ និង ភូមិសាស្រ្តនយោបាយ​។

– ​​ក្នុងជំនួប​រវាង​ប្រធានាធិបតិ​ ចិន និង​អាមេរិក​លើក​នេះ មិនត្រឹមតែ​​ដោះស្រាយ​​​​​ជម្លោះ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេសរបស់​ពួកគេ​ទាំងពីរផ្ទាល់នោះទេ ប៉ុន្តែ​បញ្ហា​​​នានា​ក្នុង​ពិភពលោក ជាពិសេស​​​​ ​ជម្លោះ​នៅមជ្ឈិមបូព៌ា និង ​បញ្ហា​ជម្លោះ​នៅអ៊ុយក្រែន​ ក៏ទំនង​ក្លាយ​ជា​​ប្រធានបទ​សំខាន់​ដែល​​​កំពូល​មេដឹកនាំទាំងពីរ​ត្រូវ​ដោះស្រាយនៅក្នុងជំនួបនេះ​៕​

You might like