អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានកើនឡើងជាង ៤% កាលពីថ្ងៃពុធ លើស ១០០ ដុល្លារ/បារ៉ែល ជាថ្មី ខណៈទីផ្សារបន្តតាមដានយ៉ាងជិតស្និទ្ធលើស្ថានការណ៍រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៩៤ សេន ឬ ០,៩% មកនៅត្រឹម ១០២,១៣ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះ ៥៩ សេន ឬ ០,៧% មកនៅ ៩១,៥៦ ដុល្លារ/បារ៉ែល។
– ការធ្លាក់ចុះនេះកើតឡើង បន្ទាប់ពីអ៊ីរ៉ង់បង្ហាញថា ខ្លួននៅតែបើកចំហចំពោះការទូត ដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក ប៉ុន្តែភាគីទាំង២ នៅតែប្រទាញប្រទង់គ្នាខ្លាំងលើលក្ខខណ្ឌសម្រាប់ការបញ្ចប់ជម្លោះ ដែលនោះហើយជាមូលហេតុតម្លៃប្រេងនៅតែខ្ពស់។
– មន្ត្រីអ៊ីរ៉ង់បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់កំពុងពិនិត្យមើលការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសំណើសន្តិភាពរបស់ខ្លួន ដែលរួមមានការដកការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ និងការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ។
– ជាមួយគ្នានោះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏នៅតែបន្តពិភាក្សាគ្នាអំពីលក្ខខណ្ឌសម្រាប់ការបញ្ចប់ជម្លោះ ខណៈភាគីអាមេរិកបានបញ្ជាក់ថា ការឈានដល់កិច្ចព្រមព្រៀងអាចត្រូវការពេលវេលា និងការចរចាបន្ថែម។
– ក្រៅពីនោះ អ្នកវិភាគបានលើកឡើងថា ទីផ្សារក៏កំពុងតាមដានលទ្ធភាពដែលសហរដ្ឋអាមេរិកអាចដាក់កំហិតលើការនាំចេញប្រេងម៉ាស៊ូតផងដែរ។ របាយការណ៍អំពីផែនការហាមឃាត់ការនាំចេញរយៈពេល ៩០ ថ្ងៃ បានធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតធ្លាក់ចុះ ប៉ុន្តែសេតវិមានច្រានចោលសេចក្ដីរាយការណ៍នេះ។
– អ្នកវិភាគបានបានព្រមានថា ការរឹតបន្តឹងការនាំចេញប្រេងម៉ាស៊ូតរបស់អាមេរិក មិនអាចជួយបន្ថយតម្លៃថាមពលបានច្រើនទេ ហើយផ្ទុយទៅវិញ អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅទីផ្សារអន្តរជាតិផងដែរ។
– មកទល់ពេលនេះ ទីផ្សារប្រេងនៅតែមានភាពប្រែប្រួលខ្លាំង ដោយសារភាពមិនប្រាកដប្រជាជុំវិញជម្លោះអាមេរិក-អ៊ីរ៉ង់ និងផលប៉ះពាល់ដែលអាចកើតមានចំពោះការផ្គត់ផ្គង់ប្រេងនៅទូទាំងពិភពលោក៕

