អន្តរជាតិះ – ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ជាមួយក្រុមខ្មាន់កាំភ្លើង ស្ថិតក្នុងខេត្តស៊ីស្ថាន និងបាឡូឆេស្ដង់ (Sistan – Baluchestan) ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៣ ខែកញ្ញា ។
– យោងតាមសេចក្តីថ្លែងការណ៍របស់បញ្ជាការដ្ឋានតំបន់ឃុដ (Quds) នៃកងកម្លាំងជើងគោករបស់ IRGC ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim បានបញ្ជាក់ថា ជនរងគ្រោះមានឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី លោក Hossein Zarifi ដែលជាមេបញ្ជាការនៃទីបញ្ជាការប្រតិបត្តិការ Shahid Sajjad របស់កងកម្លាំង IRGC ប្រចាំតំបន់សារ៉ាវ៉ាន់ (Saravan)។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ហេតុការណ៍ប៉ះទង្គិចគ្នាអាវុធដ៏សាហាវនេះ បានកើតឡើងនៅក្នុងតំបន់ជីហាដាបាដ (Jihadabad) នៃស្រុកសារ៉ាវ៉ាន់ ដែលជាភូមិសាស្ត្រស្ថិតនៅក្បែរខ្សែបន្ទាត់ព្រំដែនរវាងប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន។
– ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតអំពីកាលៈទេសៈនៃការទទួលមរណភាពរបស់លោក Zarifi ឬបញ្ជាក់ថា កងកម្លាំង IRGC កំពុងវាយប្រយុទ្ធជាមួយក្រុមណាមួយនៅក្នុងប្រតិបត្តិការនោះឡើយ។
– គួររំឮកផងដែរថា តំបន់ព្រំដែនក្នុងខេត្តស៊ីស្ថាន និងបាឡូឆេស្ដង់ គឺជាចំណុចក្តៅមួយដែលតែងតែរងការវាយប្រហារ និងជម្លោះប្រដាប់អាវុធជារឿយៗរវាងកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ជាមួយក្រុមបំបែកខ្លួនបាឡូច (Baloch) ក៏ដូចជាក្រុមរត់ពន្ធគ្រឿងញៀនឆ្លងដែន។ ខេត្តនេះមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ហើយភាគច្រើនជាកន្លែងរស់នៅរបស់ជនជាតិភាគតិច បាឡូចស៊ុននី (Sunni Baluch) ព្រមទាំងជាតំបន់មួយដែលក្រីក្រ និងមានការអភិវឌ្ឍតិចតួចបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់៕

ឧត្តមសេនីយ៍ទោ Hossein Zarifi (រូបភាព ៖ File photo)
