ភ្នំពេញះ – ក្រសួងសុខាភិបាល និងអង្គការ UNICEF ប្រចាំកម្ពុជា បានឯកភាពគ្នាបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពសំខាន់ៗចំនួន៦ ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា ទារក និងកុមារ ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Maha Damaj តំណាងថ្មីនៃអង្គការ UNICEF ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។

– ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍លោកស្រីវេជ្ជបណ្ឌិត Maha Damaj ក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មថ្មីនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូអង្វែង និងកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់រវាងក្រសួងសុខាភិបាល និងអង្គការ UNICEF ដែលបានបន្តតាំងពីឆ្នាំ១៩៩៣មក។
– ជាមួយគ្នានេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ UNICEF ដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសការផ្តល់ជំនួយបច្ចេកទេស និងថវិកាសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ ការផ្គត់ផ្គង់បរិក្ខារសុខាភិបាល និងការគាំទ្រគម្រោងមូលនិធិអាហារូបត្ថម្ភកុមារ ឆ្នាំ២០២៤-២០២៨។

– ក្រោមកម្មវិធី UNICEF ប្រចាំកម្ពុជា ឆ្នាំ២០២៤-២០២៨ ភាគីទាំងពីរបានឯកភាពបន្តផ្តោតលើ វិស័យអាទិភាពចំនួន៦ រួមមាន៖
១. អាហារូបត្ថម្ភ (SUN)៖ ពន្លឿនការកែលម្អអាហារូបត្ថម្ភរបស់មាតា និងកុមារ។
២. សុខភាពមាតា ទារក និងកុមារ៖ ពង្រឹងសេវាថែទាំសុខភាពនៅតំបន់ដាច់ស្រយាល ជាពិសេសនៅតាមបណ្តាខេត្តភាគឦសាន។
៣. បរិវត្តកម្មឌីជីថល៖ ពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល DHIS2 និងប្រព័ន្ធចាក់ថ្នាំបង្ការអេឡិចត្រូនិក។
៤. ការចាក់ថ្នាំបង្ការ និងសមធម៌៖ បន្តស្វែងរក និងផ្តល់សេវាចាក់វ៉ាក់សាំងដល់កុមារដែលមិនទាន់បានទទួលវ៉ាក់សាំងសោះ (Zero-dose)។
៥. ប្រព័ន្ធសហគមន៍៖ ពង្រឹងតួនាទីក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ក្នុងការផ្តល់ និងលើកកម្ពស់សេវាថែទាំសុខភាពបឋមនៅមូលដ្ឋាន។
៦. សុខភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ រួមបញ្ចូលការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យ នៅក្នុងវិស័យសុខាភិបាល និងពង្រឹងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ប្រកបដោយសុវត្ថិភាព។
– ជាចុងក្រោយ ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈផែនការសកម្មភាពរួម MOH-UNICEF Rolling Plan ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងរួមចំណែកដល់ការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា៕

