ចិនក្ដៅស្លឹកត្រចៀកជុំវិញ​ការ​លក់​សព្វាវុធ​អាម៉េរិក​ទៅ​ឱ្យ​កោះតៃវ៉ាន់ និងការអនុញ្ញាតឱ្យមេដឹកនាំតៃវ៉ាន់ធ្វើទស្សនកិច្ចលើ​ទឹកដីអាម៉េរិក

រដ្ឋធនានីប៉េកាំង៖ កាលពីថ្ងៃអាទិត្យទី១ខែធ្នូនេះ ចិនបង្ហាញការប្ដេជ្ញាចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់ចំពោះការលក់សព្វាវុធរបស់សហរដ្ឋអាម៉េរិកដែលទើបនឹងអនុម័តទៅឱ្យកោះតៃវ៉ាន់ ខណៈរដ្ឋធានីប៉េកាំងក្តៅចិត្តកាន់តែខ្លាំងលើសហរដ្ឋអាម៉េរិកជុំវិញការរៀបចំផែនការឱ្យប្រធានាធិបតីកោះតៃប៉ិធ្វើដំណើរទស្សនកិច្ចឆ្លងកាត់ទឹកដីសហរដ្ឋអាម៉េរិក។

មន្ទីរបញ្ចកោណបានអះអាងកាលពីថ្ងៃសុក្រថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានអនុម័តការលក់ដ៏មានសក្តានុពដែលមានតម្លៃប៉ាន់ស្មាន ៣៨៥លានដុល្លារនៃគ្រឿងបន្លាស់ និងជំនួយសម្រាប់កំពូលយន្តហោះចម្បាំង F-16 និងរ៉ាដាទៅកាន់តៃវ៉ាន់។ ការលក់នេះត្រូវបានប្រកាសប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងតេ បានចេញដំណើរទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្តការទូតចំនួនបីរបស់តៃប៉ិនៅតំបន់ប៉ាស៊ីហ្វិក រួចឈាងចូលឈប់នៅកោះហាវ៉ៃ និងទឹកដីកោះហ្គាំរបស់សហរដ្ឋអាម៉េរិក។ ក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់នេះជាការបញ្ជូនសញ្ញាវិជ្ជមានដល់កងកម្លាំងឯករាជ្យកោះតៃវ៉ាន់ និងធ្វើឱ្យខូចទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន។

លើសពីនេះ ក្រសួងដដែលបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា រដ្ឋធានីប៉េកាំងប្រឆាំងដាច់ខាតចំពោះការផ្លាស់ប្ដូរផ្លូវការណាមួយរវាងសហរដ្ឋអាម៉េរិក និងតៃវ៉ាន់ ហើយថ្កោលទោសយ៉ាងដាច់អហង្កាដល់សហរដ្ឋអាម៉េរិកជុំវិញការរៀបចំដំណើរទស្សនកិច្ចឱ្យលោក ឡៃ។ មែនទែនទៅ ចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងជាដុំភ្លើងក្ដៅក្នុងភាពប្រេះឆានៃទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋធានីវ៉ាស៊ីនតោន។ គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​ដើម្បី​ផ្តល់​ឱ្យ​តៃវ៉ាន់​នូវ​មធ្យោបាយ​ការពារ​ខ្លួន​ទោះបីជា​មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​រដ្ឋធានី​វ៉ាស៊ីនតោន​និងក្រុង​តៃប៉ិ​ក៏ដោយ​៕

You might like