ភ្នំពេញះ – អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថា នគរបាលអន្តោប្រវេសន៍ អនុសេនីយ៍ទោ ភេ ផាត់ផេង រកបានលុយយ៉ាងហោច២០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ពីសកម្មភាពរត់ការ និងសម្របសម្រួលករណីជនបរទេសជាប់បញ្ជីខ្មៅ (Black list) ហាមមិនឱ្យចូលកម្ពុជា និងមុខសញ្ញាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចូលធ្វើការក្នុងទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)លើដីរបស់មេឃុំព្រែកខ្សាច់ នៅខេត្តកោះកុង។ ACU ឱ្យដឹងដូច្នេះតាមរយៈសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី២៥ ខែកញ្ញា និងបញ្ជាក់ថា ករណីនេះកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដើមចមនៃការរកឃើញថា អនុសេនីយ៍ទោ ភេ ផាត់ផេង រកបានលុយច្រើនពីសកម្មភាពមិនស្របច្បាប់បែបនេះ គឺផ្ដើមចេញពី ACU បើកការស៊ើបអង្កេតលើករណីមេឃុំព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ត្រងយកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បែកខ្ញែក ព្រោះសមត្ថកិច្ចបង្ក្រាប ឱ្យបន្តដំណើរការ នៅលើដីរបស់ខ្លួនទំហំ៥ហិកតា។
– ACU ឱ្យដឹងថា អនុសេនីយ៍ទោ ភេ ផាត់ផេង ធ្វើការឱ្យឈ្មោះ ឆៃ យ៉ូយៀន ជនជាតិចិន មេក្លោងដឹកនាំទីតាំងឆបោកលើដីមេឃុំព្រែកខ្សាច់។ ការងាររបស់ អនុសេនីយ៍ទោ ភេ ផាត់ផេង គឺចាំសម្រួលឱ្យឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចូលមកកម្ពុជាដោយខុសច្បាប់តាមព្រលានអន្តរជាតិតេជោ។

– ACU សង្កត់ធ្ងន់ថា ៖”ភេ ផាត់ផេង បានប្រព្រឹត្តអំពើល្មើសច្បាប់ផ្ទុយពីគោលការណ៍ និងការដឹកនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយហ៊ានរៀបចំឱ្យជនបរទេសចូលកម្ពុជាដោយខុសច្បាប់ដូចជាជនបរទេសដែលមានឈ្មោះក្នុងបញ្ជីខ្មៅ ជនបរទេសប្រើលិខិតឆ្លងដែនក្លែងក្លាយ ក្រុមជនបរទេសដែលមកកម្ពុជា ដែលចង់ឱ្យមានអ្នកឈរនាំចូល – លើកផ្លាកឈ្មោះចាំទទួល – អ្នកជូនដំណើរ ជាថ្នូរនឹងប្រាក់កាស។ ពួកអនឡាញស្គេម ផ្អែកលើចន្លោះប្រហោងនៃការអនុវត្តច្បាប់នេះ ក៏ត្រូវបាន ភេ ផាត់ផេង រៀបចំឱ្យចូលកម្ពុជាដោយគ្មានឧបសគ្គ ក្នុងនោះមានទាំងក្រុមអនឡាញស្គេម របស់ ឆៃ យ៉ូវយៀន ផង។“។
– បើតាម ACU ភេ ផាត់ផេង បានកំណត់តម្លៃសេវាខុសច្បាប់ ដូចជាការរត់ការចូលប្រទេសកម្ពុជាសម្រាប់ទិដ្ឋាការពាណិជ្ជកម្ម Visa Business គឺត្រូវចំណាយលុយ ៤២០ដុល្លារ ប៉ុន្តែសម្រាប់ កើតមុនឆ្នាំ ១៩៨៩ ចំណាយត្រឹមតម្លៃ ៣៨០ដុល្លារ។ការចូលកម្ពុជាតាមទិដ្ឋាការពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce Entry) ត្រូវចំណាយលុយចំនួន ៩០០ដុល្លារ ចំណែកសម្រាប់ទិដ្ឋាការទេសចរ (Visa Tourist) ត្រូវចំណាយលុយចំនួន ១២០ដុល្លារ។ សម្រួលការឆ្លងដែន VIP Fast Track តម្លៃ ៤៥០ដុល្លារ។
– ACU បន្ថែមថា ភេ ផាត់ផេង តម្រូវឱ្យអតិថិជនទាំងអស់នោះផ្ញើមកខ្លួនជាមុននូវសំបុត្រយន្តហោះ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណដើម្បីខ្លួនរៀបចំឱ្យជាមុន ហើយពេលមកដល់ អតិថិជននោះគ្រាន់តែថតរូបពេញមួយតួខ្លួន និងភិនភាគងាយរូបគេទៅទទួល។
– ACU គូបញ្ជាក់ថា តាមភស្តុតាងដែលរកឃើញ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ភេ ផាត់ផេង បានទទួលប្រាក់ ២៥០៧ ដុល្លារ ជាថ្លៃធ្វើទិដ្ឋាការធម្មតាឱ្យមនុស្ស ១៩នាក់ ដោយម្នាក់គិតកម្រៃក្នុងតម្លៃ ៨៣ដុល្លារ ធ្វើទិដ្ឋាការទេសចរឱ្យមនុស្ស៤នាក់ ក្នុងតម្លៃម្នាក់៧៥ដុល្លារ និងគិត សេវាVIP តម្លៃ៣០ដុល្លារក្នុងម្នាក់។ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ ភេ ផាត់ផេង បានទទួលប្រាក់ ១៤៨០ដុល្លារ ពីការធ្វើទិដ្ឋាការ អេឡិចត្រូនិក និងទិដ្ឋាការធម្មតា ២នាក់។
– អង្គភាពប្រឆាំងអំពើពុករលួយ ឱ្យដឹងបន្ថែមថា តាមភស្តុតាងដែលប្រមូលបានមិនទាន់អស់ ភេ ផាត់ផេង ទទួលប្រាក់ ២០២ ១០៧ដុល្លារ លើ៣០១ករណី ក្នុងសកម្មភាពរត់ការ និងសម្របសម្រួលករណីជនបរទេសជាប់បញ្ជីខ្មៅ (Black list) ហាមមិនឱ្យចូលកម្ពុជា និងមុខសញ្ញាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតត្រឹមខែមករាដល់ខែមិថុនា ឆ្នាំ២០២៦។
– ACU ក៏រកឃើញថា អនុសេនីយ៍ទោ ភេ ផាត់ផេង បានយកលុយ ដែលរកបានពីអំពើពុករលួយជាង ២០ម៉ឺនដុល្លារនេះ យកទៅទិញរថយន្ត បង់រំលោះផ្ទះក្នុងបុរី L Village Residence តម្លៃ ៧៨០០០ដុល្លារ…។
– ACU បន្តថា ដើម្បីធ្វើសកម្មភាពរកលុយខុសច្បាប់ បែបនេះ ភេ ផាត់ផេង មានក្រុមសន្ទនា (Group) ជាភាសាចិន ជាច្រើន ដូចជាក្រុម “អ្នកសម្របសម្រួលទាំងស្រុងនៅព្រលានភ្នំពេញ Yong Ping” មានសមាជិក ១១ នាក់ ក្នុង នោះមានមេអនឡាញស្គេម ឆៃ យ៉ូវយៀន និងមេក្រុមអនឡាញស្គមផ្សេងទៀត។ ក្រុម “Bavet T-E” ក្រុមនេះទទួលសម្របសម្រួលនាំចិនពីក្រុងព្រះសីហនុទៅប្តូរទិដ្ឋាការប្រភេទ T (ទេសចរណ៍) ទៅប្រភេទ E (Business) ក្រុមទំនាក់ទំនងក្រុមហ៊ុននាំអ្នកដំណើរ ក្រុម Taixing។
– បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ACU បច្ចុប្បន្ន ជនសង្ស័យ ភេ ផាត់ផេង វ័យ៣០ឆ្នាំ ត្រូវក្លាយជាជនត្រូវចោទក្នុងសំណុំរឿងព្រហ្មទណ្ឌ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទ រំលោភអំណាចមានប្រសិទ្ធភាព។ បទសមគំនិតក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ និងបទសម្អាតប្រាក់តាមបញ្ញត្តិ៕
