អន្តរជាតិះ- ប្រធានាធិបតីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រុស្ស៊ីបានពង្រីកវិសាលភាពនៃការវាយប្រហារ ដោយកំណត់គោលដៅលើមជ្ឈមណ្ឌលទិន្នន័យ និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតអ៊ុយក្រែន ក្នុងគោលបំណងបង្កការរំខានដល់ការប្រើប្រាស់របស់ប្រជាជនទូទៅ។
– លោក បានលើកឡើងថា ការវាយប្រហារនេះ បានធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពរបស់ប្រជាជនអ៊ុយក្រែនក្នុងការរក្សាទំនាក់ទំនង ការសិក្សា និងការងារ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កាលពីថ្ងៃសុក្រ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមួយគ្រឿង បានវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្នុងរដ្ឋធានីគៀវ ដោយសម្លាប់មនុស្ស ៤ នាក់ និងធ្វើឱ្យខូចខាតមជ្ឈមណ្ឌលទិន្នន័យមួយកន្លែង។

– ការវាយប្រហារដាច់ដោយឡែកមួយទៀត បានសម្លាប់ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ ខណៈក្រសួងការបរទេសអ៊ីស្រាអែល បញ្ជាក់ថា ក្មេងប្រុសនោះគឺជាពលរដ្ឋអ៊ីស្រាអែល។
– ទន្ទឹមនោះ អាជ្ញាធររុស្ស៊ី អះអាងថា ខ្លួនបានកំណត់គោលដៅលើទីតាំងមជ្ឈមណ្ឌលទិន្នន័យមួយកន្លែង ដោយថា យោធាអ៊ុយក្រែន ប្រើប្រាស់វាសម្រាប់ផ្នែកស៊ើបការណ៍។
– ជាមួយគ្នានោះ កាលពីថ្ងៃពុធ គ្រួសារប្រហែល ១០ ម៉ឺនគ្រួសារ នៅក្នុងទីក្រុងគៀវ និងតំបន់ជុំវិញនោះ បានជួបប្រទះនឹងការដាច់អ៊ីនធឺណិត ដោយសារតែការវាយប្រហារទាំងនេះ។
– ទោះជាយ៉ាងណា ក្រុមហ៊ុនមួយចំនួន បានចាប់ផ្តើមផ្ទេរទិន្នន័យពីម៉ាស៊ីនមេ (servers) ដែលរងការខូចខាត ទៅកាន់ទីតាំងនានានៅឯបរទេសរួចហើយ។
– មន្ត្រី បានឱ្យដឹងថា នៅទីក្រុង Lutsk ភាគពាយព្យនៃប្រទេស ទូរទស្សន៍បង្ហាញព័ត៌មានអេឡិចត្រូនិកនៅតាមចំណតដឹកជញ្ជូនសាធារណៈមិនដំណើរការទេ កាលពីថ្ងៃសុក្រ។ ក្រុមប្រឹក្សាក្រុងបានបញ្ជាក់ថា បញ្ហានេះគឺ ដោយសារការខូចខាតដែលបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ីលើមជ្ឈមណ្ឌលទិន្នន័យនៅក្នុងទីក្រុងគៀវ។
– គួរបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យដែលរងការវាយប្រហារដោយរុស្ស៊ីកាលពីថ្ងៃសុក្រ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Datagroup។ ក្រុមហ៊ុន បានឱ្យដឹងថា អ្នកជំនាញរបស់ខ្លួនកំពុងវាយតម្លៃការខូចខាតក្រោយការវាយប្រហារ ប៉ុន្តែរាល់សេវាកម្មទាំងអស់នៅតែបន្តដំណើរការពីទីតាំងបម្រុង៕

