អ្នកនាំពាក្យ IRGC របស់​អ៊ីរ៉ង់​៖ អាមេរិក​ បរាជ័យក្នុងការស្តារស្ថានការណ៍នៅច្រកសមុទ្រ Hormuz

អន្តរជាតិះ – លោក ឧត្តមសេនីយ៍ត្រី Hossein Mohebbi អ្នកនាំពាក្យនៃ​កង​ឆ្មាំបដិវត្តន៍ឥស្លាមអ៉ីរ៉ង់ (IRGC) បានថ្លែង​ថា ភាគីបដិបក្ខបានគណនា​ខុសលើសមត្ថភាពទប់ទល់របស់​យោធា​​អ៉ីរ៉ង់ ព្រមទាំងសមត្ថភាពមីស៊ីល និង​ដ្រូន​របស់​ខ្លួន នៅក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ រវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក។

– លោក Mohebbi បានគូសបញ្ជាក់ថា ចម្ងាយបាញ់ប្រហារ​ កម្លាំងបំផ្លិច​បំផ្លាញ​ ការកំណត់គោលដៅ​​ជាក់​លាក់​ និងសមត្ថភាពនៃគ្រឿងបរិក្ខារយោធាដែលអ៉ីរ៉ង់បានយកមកប្រើប្រាស់ បានធ្វើឱ្យភាគីម្ខាងទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក បានបន្ថែមថា អ៉ីរ៉ង់បានជោគជ័យក្នុងការវាយប្រហារលើគ្រឿងបរិក្ខារ​យោធា និងបច្ចេកវិទ្យាទំនើបៗមួយចំនួនរបស់សហរដ្ឋអាមេរិក ទាំងនៅលើអាកាស និងលើផ្ទៃសមុទ្រ ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នានោះ។

– អ្នកនាំពាក្យ IRGC រូបនេះក៏បានថ្លែងទៀតថា ទោះបីជាសហរដ្ឋអាមេរិកមានសមត្ថភាពជើងទឹកដ៏ទូលំទូលាយ យ៉ាងណាក៏ដោយ ក៏អាមេរិកបានបរាជ័យក្នុងការស្តារស្ថានការណ៍នៅច្រកសមុទ្រ Hormuz ឱ្យ​ត្រឡប់​ទៅរកលក្ខខណ្ឌដែល​អាមេរិក​​ចង់បាននោះដែរ។ ​អ្នក​នាំពាក្យ​រូប​​នេះ​ បានអះអាងថា នាវាចម្បាំងរបស់សហរដ្ឋ​អាមេរិកបានដកថយក្នុងចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រចេញពីច្រកសមុទ្រ Hormuz ខណៈដែលកងនាវាអាមេរិកនៅតែបន្តបោះទីតាំងនៅក្នុងប្រទេសបារ៉ែន។

– លោក Mohebbi បានពិពណ៌នាអំពីស្ថានការណ៍នេះថាជា «ជ័យជម្នះដ៏ធំធេងសម្រាប់អ៉ីរ៉ង់»។

– ពាក់ព័ន្ធនឹងលទ្ធភាពនៃការកើតមានជម្លោះសារជាថ្មី លោកបានបញ្ជាក់ថា អ៉ីរ៉ង់នឹងផ្លាស់ប្តូរវិធីសាស្ត្រការពារខ្លួន និងការសងសឹក ក្នុងករណីមានការវាយប្រហារមួយផ្សេងទៀត។ យោងតាមលោក Mohebbi ការផ្លាស់ប្តូរទាំងនេះអាចរាប់បញ្ចូលទាំងការផ្លាស់ប្តូរទីតាំងភូមិសាស្ត្រនៃជម្លោះ ការប្រើប្រាស់គ្រឿងបរិក្ខារ និងអាវុធថ្មីៗ ព្រមទាំងការជ្រើសរើសគោលដៅវាយប្រហារផ្សេងៗពីមុន។

– អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា អ៉ីរ៉ង់នៅតែមានសមត្ថភាព និងគោលដៅយុទ្ធសាស្ត្រជាក់លាក់មួយចំនួនដែលមិនទាន់បានយកមកប្រើប្រាស់នៅឡើយ ហើយប្រសិនបើចាំបាច់ ប្រទេសអ៉ីរ៉ង់នឹងទាញយកសមត្ថភាពទាំងនេះមកប្រើប្រាស់ជាមិនខាន៕​

 

You might like