អន្តរជាតិះ – ខណៈសង្រ្គាមបង្កឡើងដោយសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់អូសបន្លាយចូលដល់ខែទី៧ នៅតែរកផ្លូវបញ្ចប់មិនឃើញ កាលពីថ្ងៃសុក្រ មន្ត្រីការទូតជាន់ខ្ពស់របស់ទីក្រុងតេហេរ៉ង់ ឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានដាក់ជូនផែនទីបង្ហាញផ្លូវជាផ្លូវការរយៈពេល ៧ថ្ងៃ ដើម្បីបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នកំពុងរង់ចាំការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
– រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានពន្យល់លម្អិតអំពីផែនការនេះដល់អ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា ផែនការនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន តាមរយៈប្រទេសកាតាហើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកលើកឡើងថា៖ « កាលវិភាគរយៈពេល ៧ថ្ងៃ នឹងចាប់ផ្តើមភ្លាមៗ ពេលសហរដ្ឋអាមេរិកយល់ព្រមលើផែនការនេះ»។
– លោក Araghchi បានបញ្ជាក់ថា៖ « ជំហានដំបូងនឹងប្រើពេលពី ៤ ទៅ ៥ថ្ងៃ ចំណែកច្រកសមុទ្រហ័រមូសនឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី៦ ហើយនៅថ្ងៃទី៧ ការចរចាជាមួយសហរដ្ឋអាមេរិកនឹងចាប់ផ្តើម ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយលើចំណុចនានាដែលភាគីទាំងពីរបានឯកភាពគ្នា»។ ដោយសំដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
– យោងតាមផែនការនេះ ទីក្រុងវ៉ាស៊ីនតោននឹងដកការបិទខ្ទប់ផ្លូវសមុទ្រតាមកំពង់ផែរបស់អ៊ីរ៉ង់ លុបចោលការដាក់ទណ្ឌកម្មលើការលក់ប្រេងរបស់អ៊ីរ៉ង់ ដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលបង្កកប្រមាណ ១២ប៊ីលានដុល្លារ និងគោរពបទឈប់បាញ់នៅទូទាំងតំបន់ រួមទាំងប្រទេសលីបង់ និងយេម៉ែនផងដែរ។
– ជាការឆ្លើយតប អ៊ីរ៉ង់នឹងបើកច្រកសមុទ្រហ័រមូសឡើងវិញ។
– លោក Araghchi បន្តថា៖ « ជម្រើសនៅពេលនេះ គឺអាស្រ័យលើសហរដ្ឋអាមេរិក។ អ៊ីរ៉ង់មិនទទួលយកការបង្ខិតបង្ខំ ការគំរាមកំហែង ឬការបំភិតបំភ័យឡើយ ហើយអ៊ីរ៉ង់នឹងមិនបោះបង់ចោលអធិបតេយ្យភាពរបស់ខ្លួនក្រោមសម្ពាធនោះទេ។ ខ្ញុំអាចប្រាប់បានថា ប្រសិនបើភាគីអាមេរិកមានឆន្ទៈពិតប្រាកដក្នុងការឈានទៅរកកិច្ចព្រមព្រៀង និងបើកច្រកសមុទ្រហ័រមូសឡើងវិញនោះ អ្វីៗទាំងអស់គឺត្រូវបានរៀបចំរួចរាល់ហើយ»។
– យោងតាមសេចក្តីរាយការណ៍ ការបញ្ចប់រាល់អរិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងនៅយេម៉ែន និងលីបង់ គឺជាផ្នែកមួយនៃសំណើរបស់ទីក្រុងតេហេរ៉ង់៕

