ក្រោយ ហ្សេលេនស្គី គំរាម! រុស្ស៊ី ប្តេជ្ញាបង្កើនការវាយប្រហារអ៊ុយក្រែន ឱ្យរឹតតែខ្លាំង

អន្តរជាតិះ – រុស្ស៊ី បានប្តេជ្ញាបង្កើនការវាយប្រហារឱ្យរឹតតែខ្លាំង លើប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតបទៅការគំរាមរបស់ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលបោះសម្តីថា កងទ័ពខ្លួន នឹងបើកការវាយប្រហារ លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ឱ្យខ្លាំងជាងមុន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទូរទស្សន៍ RT បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ដែលព្រមានថា ខ្លួននឹងបង្កើនការវាយប្រហារលើទីតាំងយោធា និងកន្លែងនានាដែលបម្រើឱ្យវិស័យការពារជាតិ ក្នុងប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតប ទៅនឹងការគំរាមកំហែងរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។

– តាមរយៈសេចក្តីថ្លែងការណ៍ដដែលនោះ រុស្ស៊ី នឹងបង្កើនទំហំ និងសន្ទុះវាយប្រហារឱ្យកាន់តែខ្លាំងក្លា កំណត់លើគោលដៅយោធា រោងចក្រផលិតអាវុធយុទ្ធភណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ក្នុងរដ្ឋធានីកៀវ និងតាមបណ្តាខេត្ត/តំបន់ផ្សេងៗទៀត ទូទាំងប្រទេសអ៊ុយក្រែន។

– មុននេះ លោក ហ្សេលេនស្គី ចេញបញ្ជាឱ្យកងទ័ពអ៊ុយក្រែន បង្កើនការវាយប្រហារ លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ដើម្បីឆ្លើយតបនឹងគោលនយោបាយថ្មីរបស់ទីក្រុងមូស្គូ ដែលផ្តោតលើការវាយប្រហារតាមអាកាស និងមានគោលបំណង បង្ខំឱ្យប្រជាជនចាកចេញពីរដ្ឋធានីកៀវ និងទីក្រុងផ្សេងៗទៀត។

– តាមសម្តីលោកហ្សេលេនស្គី ដែលដកស្រង់ផ្សាយដោយ Reuters, ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បានទទួលឯកសារដែលបង្ហាញថា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានដាក់ចេញនូវ «គោលនយោបាយថ្មី» ខណៈគោលនយោបាយថ្មីនោះ ផ្តោតលើការវាយប្រហារគោលដៅស៊ីវិល ក្នុងកម្រិតកាន់តែធំជាងមុន មុនពេលរដូវរងាចូលមកដល់។

– យោងតាមប្រធានាធិបតីអ៊ុយក្រែន មូលហេតុដែលជំរុញឱ្យមានការផ្លាស់ប្តូរ គោលនយោបាយនេះ គឺលោក ពូទីន មានបំណងបង្ហាញពីភាពខ្លាំង ខណៈកងទ័ពរុស្ស៊ី កំពុងបាត់បង់ទីតាំងនៅតំបន់សមរភូមិសំខាន់មួយ និងទទួលរងការបាត់បង់កងកម្លាំងក្នុងកម្រិតខ្ពស់ជាងមុន៕

 

You might like