អ្នកកាសែត និងអ្នកផលិតមាតិកា៖ នរណាជាអ្នកក្ដោបក្តាប់ឥទ្ធិពល?

ភ្នំពេញះ – អ្នកផលិតមាតិកា ត្រូវបានគេមើលឃើញថា មានឥទ្ធិពលដោយសារមានអ្នកតាមដានច្រើន និងអាចរកប្រាក់ចំណូលបានច្រើនជាងអ្នកកាសែត។ ហេតុអ្វី?អ្នកផលិតមាតិកា (Content Creator) ឬអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencer) អាចមានអ្នកតាមដានរហូតដល់រាប់លាននាក់ ខណៈដែលអ្នកកាសែតមានអ្នកតាមដានត្រឹមរាប់ម៉ឺន ឬរាប់សែននាក់ប៉ុណ្ណោះ។ មូលហេតុគឺ ដោយសារអ្នកផលិតមាតិកាព្យាយាមធ្វើមាតិកាបែបណាឱ្យតែមានការទាក់ទាញ និងចាប់អារម្មណ៍។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកផលិតមាតិកា ភាគច្រើនផ្តល់ព័ត៌មានបែបកម្សាន្ត ប្រើអារម្មណ៍ និយាយរឿងរ៉ាវផ្ទាល់ខ្លួន ឬកំប្លុកកំប្លែងដើម្បីទាក់ទាញអ្នកទស្សនា។ ពួកគេផ្សាយលាយឡំជាមួយការលក់ផលិតផល សេវាកម្ម ពាណិជ្ជកម្ម និងប្រូម៉ូសិននៅក្នុងសាច់រឿងនិងមាតិកាដែលគេកំពុងនិយាយ ឬបង្កើតមតិផ្ទាល់ខ្លួនដើម្បីទាក់ទាញការចូលរួមពីមហាជន ដោយពុំចាំបាច់គោរពស្តង់ដារក្រមសីលធម៌តឹងរ៉ឹងដូចអ្នកកាសែតឡើយ។ ចំណែកឯអ្នកកាសែតវិញ មានភារកិច្ចចម្បងគឺបម្រើផលប្រយោជន៍សាធារណៈ និងបំពេញការងារតាមស្តង់ដារវិជ្ជាជីវៈដែលមានក្រមសីលធម៌ច្បាស់លាស់។

– ប្រសិនបើយើងប្រៀបធៀបរវាងអ្នកផលិតមាតិកា និងអ្នកកាសែត យើងនឹងឃើញថា៖

១. អ្នកផលិតមាតិកា ពេលខ្លះដើរតួ “ជាអ្នកបំពងសំឡេង” ដោយយកព័ត៌មានដែលអ្នកកាសែតផ្សាយ មកពន្យល់ ចែករំលែក ឬបញ្ចេញមតិបន្តនិងបន្ថែមល្បោយ។ ដោយសារវោហារសាស្រ្ត និងការថែមថយល្បោយមតិ អ្នកផលិតមាតិកាត្រូវបានគេវាយតម្លៃជារួមថា មានឥទ្ធិពលទូលំទូលាយជាងអ្នកកាសែត ព្រោះតែការផ្សាយរបស់ពួកគេអាចទៅដល់មនុស្សបានច្រើនជាង ផ្សាយព័ត៌មានបានលឿនជាង និងបង្កើតការបញ្ចេញមតិបានច្រើនជាង។ ចុះអ្នកកាសែតវិញ?

២. អ្នកកាសែតមានឥទ្ធិពលលើខ្លឹមសារ ភាពត្រឹមត្រូវ ស៊ីជម្រៅ និងផ្លូវការជាងអ្នកផលិតមាតិកា ដោយសារ៖

– ចុះទៅដល់ទីតាំងផ្ទាល់ ប្រមូលទិន្នន័យ ស្វែងរកឯកសារ និងផ្ទៀងផ្ទាត់ហេតុការណ៍ពិតពីប្រភពដើម។
អត្ថបទស៊ើបអង្កេតស៊ីជម្រៅ ទោះបីមានអ្នកអានតិចជាងអ្នកផលិតមាតិកា តែមានឥទ្ធិពលឱ្យមានការផ្លាស់ប្តូរគោលនយោបាយជាតិ ឬបើកការស៊ើបអង្កេតផ្លូវការពីរដ្ឋាភិបាល និងពីស្ថាប័នដែលពាក់ព័ន្ធ។
– របាយការណ៍ និងអត្ថបទរបស់អ្នកកាសែត ត្រូវបានរដ្ឋាភិបាល តុលាការ ស្ថាប័ននីតិបញ្ញត្តិ និងអង្គការសង្គមស៊ីវិល​។ល។ យកទៅប្រើប្រាស់ជាភស្តុតាង ឬឯកសារយោងផ្លូវការ ព្រោះវាមានភាពត្រឹមត្រូវខ្ពស់ និងឆ្លងកាត់ការផ្ទៀងផ្ទាត់។
អ្នកកាសែតមានតួនាទីបំភ្លឺ និងលើកយកបញ្ហាសង្គមសំខាន់ៗ ដូចជា ប្រព័ន្ធយុត្តិធម៌ សេដ្ឋកិច្ច សុខភាពសាធារណៈ មកបង្ហាញ ដើម្បីការពារ ផលប្រយោជន៍សាធារណៈ ជាជាងការយកប្រជាប្រិយភាព។
– អ្នកកាសែតតែងផ្តល់ឱកាសឱ្យគ្រប់ភាគីបកស្រាយ មិនជេរប្រមាថ មិនបំពានសិទ្ធិឯកជន និងបែងចែករវាង “ព័ត៌មានពិត” និង “មតិផ្ទាល់ខ្លួន” យ៉ាងច្បាស់លាស់ ដែលធ្វើឱ្យមហាជន និងស្ថាប័ននានាមានទំនុកចិត្តខ្ពស់។

– យ៉ាងណាក៏ដោយ អ្នកផលិតមាតិកានឹងកាន់តែទទួលបានការគាំទ្រ និងគោរពស្រឡាញ់ បើសិនជាពួកគាត់គោរពក្រមសីលធម៌គោលខ្លះៗ ជាពិសេសនៅពេលផ្សាយព័ត៌មានដែលអាចមានផលប៉ះពាល់ដល់សាធារណជន នយោបាយ សេដ្ឋកិច្ច ឬកេរ្តិ៍ឈ្មោះបុគ្គល។

ក្រមសីលធម៌គោលសំខាន់ៗ រួមមាន៖

១.​ បង្ហាញប្រភពច្បាស់លាស់ និងផ្តល់ឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធបានបកស្រាយ។

២. មិនបំពានសិទ្ធិឯកជន ការជេប្រមាថ ឬបង្ហាញមាតិកាដែលប៉ះពាល់កិត្តិយស

បុគ្គលដោយមិនចាំបាច់។

៣. បែងចែករវាង “ព័ត៌មានពិត” និង “មតិផ្ទាល់ខ្លួន”។

៤. មិនផ្សាយព័ត៌មានដែលញុះញង់ឱ្យកើតអំពើហិង្សា ការស្អប់ខ្ពើម ឬការភ័យខ្លាច

ដោយគ្មានមូលដ្ឋាន។

៥. មិនយកអាទិភាពលើចំនួន Like, Share និង View លើសពីការពិត។

៦. កែតម្រូវភ្លាមៗនៅពេលមានការផ្សាយព័ត៌មានខុសឆ្គង។

សូមចងចាំ៖ ចំនួន Views ច្រើន មិនមែនមានន័យថាព័ត៌មាននោះត្រឹមត្រូវទេ។ ដូចនេះ ការពិតសំខាន់ជាងប្រជាប្រិយភាព។

សរុបមក “តើឥទ្ធិពលគួរវាស់វែងដោយចំនួនអ្នកតាមដាន ឬជំនឿទុកចិត្ត?” អ្នកផលិតមាតិកាមានឥទ្ធិពលលើ “បរិមាណ” ទៅដល់មនុស្សច្រើន ផ្សាយលឿន មាន Views/Like ច្រើន។ រីឯអ្នកកាសែតមានឥទ្ធិពលលើ “គុណភាព ភាពត្រឹមត្រូវ ស៊ីជម្រៅ​ ភាពជឿជាក់” ដែលជួយដល់ការផ្លាស់ប្តូរសង្គមបែបវិជ្ជមាន៕


ដោយ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា

You might like