បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចរត់ពន្ធទំនិញពីថៃ ដែលជារបស់មេខ្យល់ឈ្មោះ «ចែ Bo»

បន្ទាយមានជ័យះ- បញ្ជូនខ្លួនជនសង្ស័យចំនួន ៣នាក់ ទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធបទល្មើសលួចរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់ពីប្រទេសថៃ និងការប្រើប្រាស់សារធាតុញៀន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលផ្នែកនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

– របាយការណ៍ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៩:៤៥នាទី យប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ លោកអនុសេនីយ៍ឯក វង្ស ចាន់ណា មន្ត្រីយោធាវរសេនាតូច៥១១ (នៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១) បានស្ទាក់ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ រួមមាន៖ឈ្មោះ នួម ផានុន (ហៅ ង៉ា) ភេទប្រុស អាយុ ២០ឆ្នាំ (លទ្ធផលតេស្តទឹកនោម វិជ្ជមានសារធាតុញៀន) ឈ្មោះ រិត ចាន់រ៉េត ភេទប្រុស អាយុ ១៩ឆ្នាំ លុះដល់វេលាម៉ោង ២១:៣០នាទី យប់ថ្ងៃដដែល កម្លាំងយោធាបានប្រគល់-ទទួលជនសង្ស័យទាំង ២នាក់ ព្រមទាំងវត្ថុតាងទំនិញចម្រុះនាំចូលពីប្រទេសថៃ ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីសួរនាំតាមនីតិវិធី។

– តាមរយៈការស្តាប់ចម្លើយសារភាព និងការបើកការស្រាវជ្រាវពង្រីកតម្រុយបទល្មើស នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី០៣ ខែតុលា កម្លាំងជំនាញអាវុធហត្ថស្រុកម៉ាឡៃ បានបន្តឈានទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ឈិន សាវី ភេទប្រុស អាយុ ៤៤ឆ្នាំ នៅចំណុចភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ។

– លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់ បានសារភាពថា ពួកគេពិតជាបានលួចឆ្លងអូរព្រំដែនចូលទៅដឹករត់ពន្ធទំនិញពីប្រទេសថៃ ចូលមកដីស្រុកម៉ាឡៃ ដើម្បីបន្តដឹកជញ្ជូនទៅកាន់ក្រុងប៉ោយប៉ែត ដោយទទួលបានកម្រៃជើងសារចំនួន ៣០,០០០រៀល ក្នុងម្នាក់ៗ តាមការបញ្ជា និងណែនាំពីចម្ងាយរបស់មេខ្យល់ម្នាក់ឈ្មោះ «ចែ Bo» (ភេទស្រី ជនជាតិខ្មែរ កំពុងរស់នៅប្រទេសថៃ)។

– បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

You might like