សមត្ថកិច្ចឃាត់ខ្លួនអ្នកកាប់បំផ្លាញដើមឈើក្នុងតំបន់ជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវអាជ្ញាធរឃាត់ខ្លួន ខេត្តស្ទឹងត្រែង

ក្រុងស្ទឹងត្រែង៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥ បញ្ជាក់ថា បន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងស៊ីជម្រៅរបស់មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពេលនេះ សមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជុំវិញករណីកាប់បំផ្លិចបំផ្លាញដើមឈើទាលមានទំហំធំៗជាច្រើន នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ«ព្រៃឡង់»…។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ពេលអាជ្ញាធរខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថាការចុះបង្រ្កាបបានធ្វើ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយកម្លាំងជំនាញនៃមន្ទីរបរិស្ថាន បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងការកាប់រំលំ ច្រៀកឈើ និងការរុករានទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ស្ថិតនៅតំបន់ភូមិទាល់ ក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។ មន្ទីរបរិស្ថាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ករណីនេះមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចាត់វិធានការយ៉ាងតឹងរឹង ចំពោះជនសង្ស័យដែលបានអារច្រៀកឈើអនាធិបតេយ្យ និងរុករានទន្ទ្រានយកដីរដ្ឋខុសច្បាប់»។

ស្ថាប័នការពារព្រៃឈើមួយនេះបន្តថា នៅកំលុងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មន្ទីរបរិស្ថាន បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង ដោយបានរកឃើញនូវការអារច្រៀកឈើយ៉ាងអនាធិបតេយ្យ ស្ថិតនៅចំណុចភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។ ជាមួយគ្នានេះ នៅថ្ងៃបន្ទាប់ មន្ទីរបរិស្ថានក៏បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ដាក់ចេញនូវវិធានការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ និងឆាប់រហ័ស ដោយបានបញ្ជូនសំណុំរឿងទៅកាន់តុលាការ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ផងដែរ។

សូមបញ្ជាក់ថា លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំក្រុមការងារចម្រុះមួយរួមមាន៖ នាយក-នាយករងដែនជម្រកសត្វព្រៃព្រៃឡង់, មន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ដឹកនាំដោយលោក សន សារឿន, កងកម្លាំងចម្រុះទាំងបីស្ថាប័ន (កងរាជអាវុធហត្ថ, មន្ត្រីនគរបាល និងយោធា) ចុះទៅត្រួតពិនិត្យទីតាំងជាក់ស្តែង បានរកឃើញថា ឈើដែលត្រូវបានកាត់អារច្រៀកទាំងនោះ គឺឧក្រិដ្ឋជនអារជាគ្រឿងសង់លំនៅឋាន ជាប្រភេទឈើទាលសរុបចំនួន៥៦គល់។ ក្នុងនោះការអាររំលំថ្មីមានចំនួន៤៩គល់ និងអារចាស់មានចំនួន៧គល់ ខណៈដែលឈើទាំងនោះមានអង្កត់ផ្ចិតចាប់៤០សង់ទីម៉ែត្រទៅ១០០សង់ទីម៉ែត្រក្នុងចំណោមគល់ឈើនីមួយៗ…៕

You might like