អង្គការលីកាដូ ស្វែងរកជំនួយជាសំឡីអនាម័យ ជូនស្ត្រីក្នុងពន្ធនាគារ

ភ្នំពេញ៖ ក្រោយមើលឃើញការខ្វះខាត អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បានអំពាវនាវឱ្យពលរដ្ឋចូលរួមបរិច្ចាគសំឡីអនាម័យ ដើម្បីយកទៅជូនស្ត្រី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ…។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធមនុស្សលីកាដូ
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធមនុស្សលីកាដូ

អង្គការលីកាដូ កាលពីរសៀលថ្ងៃទី៥ ខែធ្នូនេះ បានបង្ហោះសារជាសាធារណៈលើបណ្តាញសង្គម ដោយបានលើកឡើងពីផលវិបាកនានាដែលស្ត្រីក្នុងពន្ធនាគារបានជួបប្រទះ ដោយបូករួមទាំងបញ្ហាខ្វះសំឡីអនាម័យផងដែរ។ អង្គការលីកាដូ អំពាវនាវដល់សប្បុរសជន ឱ្យចូលរួមបរិច្ចាគកញ្ចប់សំឡីអនាម័យថ្មី គ្រប់ទំហំ ឬម៉ាក ឬបរិច្ចាគជាទឹកប្រាក់ ដែលនឹងប្រើប្រាស់ដោយអង្គការនេះ ដើម្បីទិញសំឡីអនាម័យយកទៅចែកចាយដល់ស្ត្រីទាំងនោះ។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Khmer Top News KTN ថា ការអំពាវនាវបែបនេះធ្វើឡើងក្រោយអង្គការបានសង្កេតឃើញស្ត្រី និងកុមារី ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារនាពេលសព្វថ្ងៃ កំពុងមានបញ្ហាប្រឈមទាក់ទងទៅនឹងសុខភាព ជាពិសេសកង្វះការទទួលបានសំឡីអនាម័យសម្រាប់ប្រើប្រាស់។

រូបតំណាង៖ ស្រ្តីនៅក្នុងពន្ធនាគារ
រូបតំណាង៖ ស្រ្តីនៅក្នុងពន្ធនាគារ

លោកបានឱ្យដឹងថា ទោះបីជាមានការផ្ដល់ជូន និងផ្គត់ផ្គង់ពីសំណាក់អគ្គនាយកដ្ឋានពន្ធនាគារក៏ដោយ ក៏កង្វះនៃការទទួលបានសំឡីអនាម័យ នៅតែកើតមាន ខណៈអ្នកទោសជាស្ត្រីមានចំនួនច្រើន។ លោកបញ្ជាក់ថា៖«ខាងពន្ធនាគារ ឬអគ្គនាយកដ្ឋានពន្ធនាគារ លោកបានជួយហើយទៅលើបញ្ហាហ្នឹង ប៉ុន្តែតម្រូវការរបស់ស្ត្រី និងកុមារី គឺនៅមិនទាន់គ្រប់គ្រាន់ ហើយគាត់មានការខ្វះខាត ហើយវាទាក់ទងនឹងបញ្ហាសុខភាពរបស់គាត់ផង អ៊ីចឹងបានជាអង្គការលីកាដូយើងរៃអង្គាសដើម្បីធ្វើយ៉ាងម៉េចបានសំឡីអនាម័យនេះជួយពួកគាត់បន្ថែម»។

រូបតំណាង៖ ស្រ្តីនៅក្នុងពន្ធនាគារ
រូបតំណាង៖ ស្រ្តីនៅក្នុងពន្ធនាគារ

បន្ថែមពីលើសារអំពាវនាវដែលអង្គការលីកាដូបង្ហោះលើបណ្តាញសង្គម លោក អំ សំអាត បានអំពាវនាវថែមដល់សប្បុរសជនទាំងអស់ ឱ្យចូលរួមបរិច្ចាគ ក្នុងន័យជួយសម្រាលទុក្ខ និងបញ្ហាប្រឈមរបស់ស្ត្រីដែលកំពុងខ្វះខាត។ បើតាមមន្រ្តីសង្គមស៊ីវិលរូបនេះ សំឡីអនាម័យ ឬជំនួយនានាដែលទទួលបាននឹងយកទៅជូនស្ត្រីក្នុងពន្ធនាគារចំនួន១៩៕

You might like