ភ្នំពេញះ – កងទ័ពជើងគោកកម្ពុជាទទួលបានភារកិច្ចពីកងទ័ពជើងគោកម៉ាឡេស៊ី បន្តធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន ក្នុងឆ្នាំ២០២៧ ជាលើកដំបូង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ពិធីប្រគល់–ទទួលនេះ បានប្រព្រឹត្តទៅក្នុងពេលដែលលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៧ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «ការជំរុញការត្រៀមលក្ខណៈរួមរបស់កងទ័ពជើងគោកអាស៊ាន ដើម្បីតំបន់មួយប្រកបដោយស្ថិរភាព និងសន្តិសុខ»។
– នៅក្នុងកិច្ចប្រជុំនោះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចែករំលែកទស្សនៈរបស់កម្ពុជាស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង តាមរយៈការចូលរួមពហុភាគី ដោយបានសង្កត់ធ្ងន់លើការកសាងទំនុកចិត្ត កិច្ចសន្ទនាបើកចំហ និងការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ ស្របតាមច្បាប់អន្តរជាតិ។
– ក្រៅពីការចូលរួមកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងពិនិត្យទិសដៅពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធ ជំនាញ និងការផ្លាស់ប្តូរទស្សនកិច្ច។
– គូសបញ្ជាក់ថា កិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសសមាជិកអាស៊ាន តាមរយៈកិច្ចសន្ទនា ការផ្លាស់ប្តូរបទពិសោធ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។
– សម្រាប់កិច្ចប្រជុំលើកទី២៧ ដែលប្រារព្ធឡើងនៅទីក្រុងម៉ាឡាកានេះ បានអនុម័តសេចក្តីថ្លែងការណ៍រួម ដែលកំណត់ទិសដៅសំខាន់ក្នុងការពង្រឹងការត្រៀមលក្ខណៈរួម ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរវិជ្ជាជីវៈ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ការជំរុញអន្តរប្រតិបត្តិការ និងការកសាងសមត្ថភាព ព្រមទាំងការអភិវឌ្ឍសមត្ថភាពកងទ័ពប្រកបដោយភាពធន់ និងចីរភាព៕
