អន្តរជាតិះ- អង្គការណាតូ បានចាប់ផ្តើមសមយុទ្ធត្រៀមអាវុធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួនដែលមានរហស្សនាមថា “Steadfast Noon” ដោយមានយន្តហោះប្រហែល ៦០ គ្រឿង មកពីប្រទេសសម្ព័ន្ធមិត្តចំនួន ១៣ ចូលរួម ចំពេលមានការព្រមានពីប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ថារុស្ស៊ី អាចបន្ថយកម្រិតប្រើប្រាស់អាវុធបរមាណូ។
– សមយុទ្ធរយៈពេល ២ សប្តាហ៍នេះ គ្រោងនឹងធ្វើឡើងនៅប្រទេសបែលហ្សិក ហូឡង់ ចក្រភពអង់គ្លេស ដាណឺម៉ាក និងសមុទ្រខាងជើង ដោយសាកល្បងការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្ត ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ។
– ទន្ទឹមនោះ សមយុទ្ធដែលធ្វើឡើងជារៀងរាល់ឆ្នាំសម្រាប់ទស្សវត្សរ៍កន្លងមកនេះ នឹងក្លែងធ្វើសេណារីយ៉ូពាក់ព័ន្ធនឹងយន្តហោះដែលបំពាក់អាវុធនុយក្លេអ៊ែរ។ ខណពេលដែលគ្មានក្បាលគ្រាប់នឹងត្រូវបានប្រើ សមយុទ្ធនេះ មានគោលបំណងសាកល្បងប្រសិទ្ធភាពនៃសមត្ថភាពរារាំងរបស់ណាតូ។
– ជាមួយគ្នានោះ អគ្គលេខាធិការថ្មីរបស់អង្គការណាតូ លោក Mark Rutte បាននិយាយថា នៅក្នុងពិភពលោកដែលមិនច្បាស់លាស់ យើងត្រូវសាកល្បងការការពាររបស់យើង និងពង្រឹងវាដើម្បីឱ្យសត្រូវរបស់យើងដឹងថាណាតូ ត្រៀមខ្លួនរួចជាស្រេច និងមានសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ ។
– Steadfast Noon ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីថ្មីៗនេះ បានណែនាំថា វិមានក្រឹមឡាំង អាចនឹងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងខាងយោធាធម្មតាដែលគាំទ្រដោយរដ្ឋដែលមានសមត្ថភាពនុយក្លេអ៊ែរ។
– បន្ថែមពីលើនេះ ទីក្រុងមូស្គូ កំពុងពិចារណាលើសំណើដើម្បីឆ្លើយតបជាមួយនឹងអាវុធនុយក្លេអ៊ែរចំពោះការវាយប្រហារដោយមីស៊ីល ឬយន្តហោះគ្មានមនុស្សបើកនៅលើទឹកដីរុស្ស៊ី។
– ដោយឡែក សមយុទ្ធរបស់អង្គការណាតូផ្សេងទៀតដែលហៅថា “Strong Griffin 2024” ក៏កំពុងដំណើរការនៅក្នុងប្រទេសលីទុយអានី ដែលមានទាហានជាង ២,៥០០ នាក់ និងរថយន្តយោធាចំនួន ២៥០ គ្រឿងមកពីប្រទេសលីទុយអានី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប៉ូឡូញ។

– គួរបញ្ជាក់ថា សមយុទ្ធនេះ ផ្តោតលើការហ្វឹកហ្វឺនកងទ័ពសម្រាប់ប្រតិបត្តិការការពារដោយមានការសម្របសម្រួលជាមួយកងកម្លាំងណាតូ ៕
