អន្តរជាតិះ – ទីបំផុត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាជាផ្លូវការហើយ លើកញ្ចប់ដាក់ទណ្ឌកម្មទ្រង់ទ្រាយធំ លើប្រទេសរុស្ស៊ី ដ្បិតទីក្រុងមូស្គូ ព្រមានថា ចំណាត់ការនេះ ធ្វើឱ្យវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរក៏ដោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ស៊ីញ៉េនៅសេតវិមាន កាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦, ច្បាប់នេះត្រូវបានប្រសិទ្ធនាមថា Lindsey O. Graham Sanctioning Russia and Iran Act of 2026 ដើម្បីរំលឹកដល់សមាជិកព្រឹទ្ធសភា បក្សសាធារណរដ្ឋ ដែលទទួលមរណភាព កាលពីខែកក្កដា ហើយជាតឹកតាងនៃ សមិទ្ធផលចុងក្រោយបង្អស់ របស់លោក។

– មុនលោកត្រាំ ស៊ីញ៉េ, សេចក្តីព្រាងច្បាប់កម្រាស់ ៤៨ទំព័រនេះ បានឆ្លងកាត់សភា ដោយមានការគាំទ្រពីបក្សទាំងពីរ ពោលគឺអនុម័តនៅព្រឹទ្ធសភា ក្នុងសំឡេង ៨៦ ទល់ ១១ កាលពីខែសីហា និងនៅរដ្ឋសភា ២៦២ ទល់ ១៥៩ នៅដើមសប្តាហ៍នេះ។
– សម្រាប់ខ្លឹមសារសំខាន់! ច្បាប់នេះ ផ្តល់អំណាចធំ ក្នុងការដាក់ពន្ធគយរហូតដល់ ១០០% លើប្រទេសទាំងឡាយណា ដែលទិញប្រេងឆៅ និងឧស្ម័នធម្មជាតិកំពូលទាំង៥ របស់រុស្ស៊ី។ ដ្បិតមិនចេញឈ្មោះចំ តែគេដឹងច្បាស់ណាស់ថា ច្បាប់នេះគឺកំណត់គោលដៅធំលើ ចិន និងឥណ្ឌា។
– មិនត្រឹមប៉ុណ្ណឹង វាពង្រីកទណ្ឌកម្មលើធនាគាររុស្ស៊ី មន្ត្រីនយោបាយ និងយោធា ព្រមទាំងក្បួននាវាខ្មោចដឹកប្រេង របស់វិមានក្រឹមឡាំង ដែលប្រើប្រាស់ដើម្បីគេចវេះ ពីទណ្ឌកម្មដែលមានស្រាប់ផងដែរ។

– យ៉ាងណាក្តី មុននេះ រុស្ស៊ីបានប្រតិកម្មរួចទៅហើយ ដោយបោះសម្តីថា ទណ្ឌកម្មមិនអាចធ្វើអ្វីខ្លួនបានឡើយ បើអាមេរិកនៅតែបន្តដាក់គំនាបសេដ្ឋកិច្ច បញ្ហាសង្គ្រាមអ៊ុយក្រែន គ្មានថ្ងៃអាចដោះស្រាយបានទេ មានតែធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងនាំយកសន្តិភាព កាន់តែស្មុគស្មាញប៉ុណ្ណោះ។
– ទូរទស្សន៍ RT បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ដែលថ្លែងប្រាប់អ្នកសារព័ត៌ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ថា៖ «ការដាក់ចេញទណ្ឌកម្មបន្ថែមណាមួយ ពីសំណាក់សហរដ្ឋអាមេរិក នឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងប្រទេសអ៊ុយក្រែន កាន់តែមានភាពស្មុគស្មាញដោយឥតប្រកែកបាន»៕

