ខេត្តព្រះសីហនុបង្ក្រាបក្រុមជួញដូរគ្រឿង​ញៀន​សកម្ម៩នាក់ លើ៤ភូមិផ្សេងគ្នា ដកហូតវត្ថុតាង និងអាវុធខ្លីមួយដើម

ព្រះសីហនុះ – កម្លាំងជំនាញផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ និង១៥ ខែកញ្ញា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន៤ភូមិផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុប៩នាក់ ដកហូតវត្ថុតាងមួយចំនួន និងអាវុធខ្លីមួយដើម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​ប្រតិបត្តិការបានធ្វើឡើងនៅចំនុច ភូមិ៤ ភូមិ៥ សង្កាត់លេខ៤, ភូមិ៣ សង្កាត់លេខ៣ និងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត។

– បើតាមកម្លាំងជំនាញ ករណីនេះជាករណីមិនរាងចាល ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន ២លើករួចមកហើយ ហើយជាមុខសញ្ញាជួញដូរយ៉ាងសកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់។

– ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានដកហូតវត្ថុតាង ក្រាមពណ៌ស សង្ស័យជាសារធាតុ ថ្នាំគ្រាប់ (WY) ជញ្ជើងថ្លឹងគ្រឿងញៀន កងដៃ ក្រវិល លុយ ទូរស័ព្ទ​ដៃ ម៉ូតូ កាំភ្លើងខ្លី K54 និងគ្រាប់កាំភ្លើង និងសម្ភារវេចខ្ចប់មួយចំនួនទៀត។ ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់។

– ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសាធារណជនទាំងអស់ សូមចូលរួមសហការជាមួយសមត្ថកិច្ច ប្រសិនបើបានឃើញ ឬមានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ឬបទល្មើសផ្សេងៗ សូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច។ រាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូន នឹងត្រូវបានយកមកពិនិត្យ និងចាត់វិធានការតាមនីតិវិធី៕

You might like