អន្តរជាតិះ – អំពើហិង្សាថ្មីមួយបានផ្ទុះឡើងនៅក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានធ្វើឱ្យសកម្មភាពអាជីវកម្ម និងការដឹកជញ្ជូនសាធារណៈត្រូវផ្អាកដំណើរការ។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី Tarique Rahman បានចោទប្រកាន់ប្រទេសឥណ្ឌាថា ជាអ្នកបង្កឱ្យមានភាពវឹកវរនេះ។ នេះបើយោងតាមទីភ្នាក់ងារ Reuters ផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកានេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ដោយឡែក ការតវ៉ារបស់កម្មករកាត់ដេរដែលទាមទារដំឡើងប្រាក់ឈ្នួល ក៏នៅតែបន្តកើតមាននៅក្នុងស្រុកមួយចំនួនផងដែរ ដោយមានកម្មកររាប់រយនាក់ បានបិទផ្លូវហាយវេមួយខ្សែដែលឆ្ពោះទៅកាន់រដ្ឋធានីដាកា ដែលជាហេតុបង្ខំឱ្យរោងចក្រនានាត្រូវបិទទ្វារ។
– ភាពចលាចលដែលកំពុងកើនឡើងនៅក្នុងប្រទេស មានប្រជាជន ១៧៥ លាននាក់ ភាគច្រើនកាន់សាសនាឥស្លាម ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទីពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសចិនមួយនេះ កំពុងរងការគំរាមកំហែងដល់ស្ថិរភាពនយោបាយផ្ទៃក្នុង និងការដាំក្បាលចុះសេដ្ឋកិច្ចជាតិយ៉ាងកំហុគ។
– យ៉ាងណាម៉ិញ ភាពតានតឹង បានកើនឡើង ចាប់តាំងពីលោកស្រី Hasina ដែលបានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីមានការបះបោររបស់និស្សិតប្រឆាំងនឹងការដឹកនាំរបស់លោកស្រីកាលពីខែសីហា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសឥណ្ឌា បានប្រកាសកាលពីពេលថ្មីៗនេះ អំពីផែនការវិលត្រឡប់មកមាតុប្រទេសវិញរបស់លោកស្រី នៅខែធ្នូ។
– ទោះបីជាយ៉ាងណា គណបក្ស Awami League បានប្រកាសឱ្យមានការបិទចរាចរណ៍លើដងផ្លូវទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រឆាំងរដ្ឋាភិបាល ដែលបានបដិសេធសំណើរបស់លោកស្រីក្នុងការស្នើសុំលិខិតឆ្លងដែនថ្មី ដើម្បីអាចវិលត្រឡប់មកប្រទេសវិញ។ ការប៉ុនប៉ងបិទចរាចរណ៍ធ្វើដំណើរនេះ ទទួលបានជោគជ័យជាចម្បងនៅក្នុងស្រុកនានានៅភាគខាងត្បូង ដែលជាតំបន់ដែលគណបក្សនេះមានឥទ្ធិពលខ្លាំងបំផុត។
– ជុំវិញការកើនឡើងនៃការតវ៉ានេះ រដ្ឋាភិបាលរបស់លោក Rahman បានចោទប្រកាន់មេដឹកនាំគណបក្ស Awami League ដែលកំពុងស្ថិតនៅក្រៅប្រទេសបង់ក្លាដែសថា ជាអ្នកញុះញង់ឱ្យមានអំពើហិង្សា ហើយបានសន្យាថានឹងចាត់វិធានការតបត។
– លោក Rahman បានលើកឡើងនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយនៅស្រុក Lalmonirhat ភាគខាងជើងថា មេដឹកនាំគណបក្ស Awami League «មិនបានគិតគូរពីផលប្រយោជន៍របស់ប្រទេសបង់ក្លាដែស និងប្រជាជនរបស់ខ្លួនឡើយ»។
– លោកបន្តចោទប្រកាន់ថា «ក្នុងពេលជាមួយគ្នានេះ ប្រទេសនៅម្ខាងទៀត ដែលពួកគេបានរត់ទៅជ្រកកោននោះ គឺជាចៅហ្វាយរបស់ពួកគេ ពួកគេបានចាប់ផ្តើមរៀបចំផែនការឃុបឃិតប្រឆាំងនឹងប្រទេសបង់ក្លាដែស និងប្រជាជនរបស់ខ្លួនម្តងទៀតហើយ»។
– គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសបង់ក្លាដែស និងឥណ្ឌា មានប្រសើរឡើងបន្តិចវិញចាប់តាំងពីលោក Rahman ចូលកាន់តំណែងក្នុងខែកុម្ភៈ ទោះបីជាភាពតានតឹងជុំវិញការបន្តស្នាក់នៅរបស់លោកស្រី Hasina នៅក្នុងប្រទេសឥណ្ឌា នៅតែជាបញ្ហាចម្បងដែលបង្កឱ្យមានការមិនពេញចិត្តក៏ដោយ៕
