អ៊ីរ៉ង់​ ប្តេជ្ញា​​ពង្រឹង​​កម្លាំង​​យោធា​​ឱ្យ​​ឆាប់​រហ័ស ដើម្បី​ត្រៀមឆ្លើយតប​ ដោយ​គ្មាន​ដែនកំណត់​ភូមិសាស្ត្រ​ ​

អន្តរជាតិះ ក្រោយ​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​របស់​សហរដ្ឋ​អាមេរិក​-អ៊ីស្រាអែល​ បាន​ផ្តល់​មេរៀន​​មួយ​ដល់​អ៊ីរ៉ង់​ ​​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីរ៉ង់​ លោក Mehrdad Akhlaghi ​Ketabchi បានថ្លែងកាល​ពីថ្ងៃអាទិត្យ​ ទី​១​ ខែ​វិច្ឆិកា​ ថា ទី​ក្រុង​តេហេរ៉ង់​ ​កំពុង​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​របស់កង​កម្លាំងប្រដាប់​អាវុធខ្លួន​យ៉ាង​ឆាប់រហ័ស ដើម្បី​ឱ្យពួក​គេ​អាច​ឆ្លើយតបបាន «ដោយ​គ្មានដែនកំណត់​ភូមិសាស្ត្រ»។ នេះបើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន Anadolu។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ថ្លែង​ទៅកាន់​ក្រុមអ្នកសារព័ត៌​មាន លោក Akhlaghi បាននិយាយ​ថា ​ប្រទេសអ៊ីរ៉ង់​ កំពុងចាត់​វិធានការយ៉ាង​ម៉ឺងម៉ាត់ ដើម្បី​លើកកម្ពស់​សមត្ថភាពប្រយុទ្ធ​ដ៏ឆ្លាតវៃរបស់​កងកម្លាំង​ប្រដាប់អាវុធ ក្រោមការ​ណែនាំពីមេដឹក​នាំ​កំពូល លោក Mojtaba Khamenei​។

លោក​បានលើក​ឡើង​ថា៖ «យើង​កំពុងបង្កើនសមត្ថភាព​ប្រយុទ្ធ​ របស់កង​កម្លាំងប្រដាប់អាវុធរបស់យើង​​យ៉ាងឆាប់រហ័ស ដើម្បីអាចឆ្លើយតប​បានដោយ​គ្មានដែនកំណត់​ភូមិសាស្ត្រ​។ ប្រទេស​អ៊ីរ៉ង់ នឹង​មិន​ត្រូវ​បាន​គេ​វាយប្រហារដោយ​មិនដឹងខ្លួន​ឡើយ ហើយ​ក៏​​គ្មាន​អ្វីអាច​រារាំងយើង​បាន​ដែរ។ រាល់ការវាយ​ប្រហារគ្រប់​ទម្រង់ទាំងអស់ នឹង​ទទួលបានការ​ឆ្លើយតបដ៏សម​ស្រប ម៉ឺងម៉ាត់ និងមាន​ប្រសិទ្ធភាព»។

លោក Akhlaghi បានសង្កត់ធ្ងន់ថា៖ «អ៊ីរ៉ង់ នឹងមិនរង្គោះរង្គើដោយសារការគំរាមកំហែង មិនបញ្ឈប់ការខិតខំដោយសារការរងសម្ពាធ និងមិនពឹងផ្អែកលើឆន្ទៈរបស់ប្រទេសដទៃ ក្នុងការស្វែងរកវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានោះឡើយ»។

ការ​លើកឡើងរបស់​លោក​ បានកើតឡើង​ ចំពេលប្រទេសកាតា និងប៉ាគីស្ថាន​ បន្តកិច្ចខិតខំប្រឹងប្រែង​សម្របសម្រួល​ ដើម្បីឱ្យ​ការចរចា​រវាងទីក្រុងវ៉ាស៊ីន​តោន និងទីក្រុងតេហេ​រ៉ង់​រស់​ឡើង​វិញ​ ខណៈក៏របាយ​ការណ៍អំពីវឌ្ឍនភាព​នៃការចរចាដោយ​ប្រយោល​ នៅទីក្រុងដូហា ផងដែរ។

កិច្ច​ខិត​ខំប្រឹងប្រែង​ទាំងនេះ​ ស្វែង​រកការយោគ​យល់គ្នា​លើកម្មវិធីនុយ​ក្លេអ៊ែរ​របស់អ៊ីរ៉ង់ ការ​បន្ធូរបន្ថយទណ្ឌកម្ម និងសន្តិសុខ ចំពោះ​ការធ្វើ​នាវាចរណ៍​ តាមរយៈច្រកសមុទ្រ​​សមុទ្រ​ហ័រ​មូស​។

ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​​បាន​កើត​ឡើង​​ ចាប់តាំងពី​សហរដ្ឋអាមេរិក ​និងអ៊ីស្រាអែល​ បានបើកការវាយ​ប្រហារប្រឆាំង​នឹងអ៊ីរ៉ង់នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ដែលបានធ្វើឱ្យ​​អ៊ីរ៉ង់​សង​សឹកវិញនៅ​ទូទាំងតំបន់។

ទោះ​បីជាមានកិច្ច​ខិតខំប្រឹងប្រែង​ផ្នែក​ការទូតជាបន្តបន្ទាប់ និងអនុ​ស្សរណៈ​ចុះហត្ថលេខា​ដោយ​ទីក្រុងវ៉ាស៊ីន​តោន និងទីក្រុងតេហេ​រ៉ង់​ក្នុង​ខែមិថុនា​ ក៏ដោយ ភាពតានតឹង​នៅតែបន្តកើតមាន​លើការរៀបចំសន្តិសុខ និង​ការធ្វើនាវាចរណ៍​ តាមរយៈច្រកសមុទ្រ​ហ័​រមូស​៕

You might like