អន្តរជាតិះ ក្រោយការវាយប្រហារទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានផ្តល់មេរៀនមួយដល់អ៊ីរ៉ង់ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ លោក Mehrdad Akhlaghi Ketabchi បានថ្លែងកាលពីថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ថា ទីក្រុងតេហេរ៉ង់ កំពុងពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធខ្លួនយ៉ាងឆាប់រហ័ស ដើម្បីឱ្យពួកគេអាចឆ្លើយតបបាន «ដោយគ្មានដែនកំណត់ភូមិសាស្ត្រ»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Anadolu។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Akhlaghi បាននិយាយថា ប្រទេសអ៊ីរ៉ង់ កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធដ៏ឆ្លាតវៃរបស់កងកម្លាំងប្រដាប់អាវុធ ក្រោមការណែនាំពីមេដឹកនាំកំពូល លោក Mojtaba Khamenei។
លោកបានលើកឡើងថា៖ «យើងកំពុងបង្កើនសមត្ថភាពប្រយុទ្ធ របស់កងកម្លាំងប្រដាប់អាវុធរបស់យើងយ៉ាងឆាប់រហ័ស ដើម្បីអាចឆ្លើយតបបានដោយគ្មានដែនកំណត់ភូមិសាស្ត្រ។ ប្រទេសអ៊ីរ៉ង់ នឹងមិនត្រូវបានគេវាយប្រហារដោយមិនដឹងខ្លួនឡើយ ហើយក៏គ្មានអ្វីអាចរារាំងយើងបានដែរ។ រាល់ការវាយប្រហារគ្រប់ទម្រង់ទាំងអស់ នឹងទទួលបានការឆ្លើយតបដ៏សមស្រប ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព»។
លោក Akhlaghi បានសង្កត់ធ្ងន់ថា៖ «អ៊ីរ៉ង់ នឹងមិនរង្គោះរង្គើដោយសារការគំរាមកំហែង មិនបញ្ឈប់ការខិតខំដោយសារការរងសម្ពាធ និងមិនពឹងផ្អែកលើឆន្ទៈរបស់ប្រទេសដទៃ ក្នុងការស្វែងរកវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានោះឡើយ»។
ការលើកឡើងរបស់លោក បានកើតឡើង ចំពេលប្រទេសកាតា និងប៉ាគីស្ថាន បន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីឱ្យការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់រស់ឡើងវិញ ខណៈក៏របាយការណ៍អំពីវឌ្ឍនភាពនៃការចរចាដោយប្រយោល នៅទីក្រុងដូហា ផងដែរ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្វែងរកការយោគយល់គ្នាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការបន្ធូរបន្ថយទណ្ឌកម្ម និងសន្តិសុខ ចំពោះការធ្វើនាវាចរណ៍ តាមរយៈច្រកសមុទ្រសមុទ្រហ័រមូស។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើតឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបានធ្វើឱ្យអ៊ីរ៉ង់សងសឹកវិញនៅទូទាំងតំបន់។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ និងអនុស្សរណៈចុះហត្ថលេខាដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ក្នុងខែមិថុនា ក៏ដោយ ភាពតានតឹងនៅតែបន្តកើតមានលើការរៀបចំសន្តិសុខ និងការធ្វើនាវាចរណ៍ តាមរយៈច្រកសមុទ្រហ័រមូស៕
