អន្តរជាតិះ – បន្ទាប់ពីសង្គ្រាមប្រល័យពូជសាសន៍អូសបន្លាយអស់រយៈពេល ៣ឆ្នាំ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា កំពុងតាមដានការបោះឆ្នោតនៅអ៊ីស្រាអែល ដោយអារម្មណ៍លាយឡំគ្នារវាងការភ័យខ្លាច និងភាពមិនច្បាស់លាស់។
– ទោះបីជាតំបន់នេះស្ថិតក្រោម «បទឈប់បាញ់» មួយ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៥ មកក៏ដោយ ក៏ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា នៅតែបន្តរងគ្រោះពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលស្ទើរតែរៀងរាល់ថ្ងៃ ដោយលក្ខខណ្ឌរស់នៅដ៏លំបាកវេទនា និងការឡោមព័ទ្ធដ៏ធ្ងន់ធ្ងរ បណ្តាលឱ្យខ្វះខាតទំនិញចាំបាច់ សម្រាប់ការរស់នៅ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅថ្ងៃអង្គារនេះ ប្រជាជនអ៊ីស្រាអែលនឹងទៅចូលរួមបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មី ជាការបោះឆ្នោតមួយ ដែលជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះសង្រ្គាម នៅតំបន់ហ្គាហ្សា។
– នាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានរងការរិះគន់យ៉ាងខ្លាំង ចំពោះការគ្រប់គ្រងបញ្ហាសន្តិសុខ មុនពេលមានការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ ដឹកនាំដោយក្រុមហាម៉ាស។ សមាជិកមួយចំនួនក្នុងរដ្ឋាភិបាលស្តាំនិយមជ្រុលរបស់លោក បានអំពាវនាវឱ្យមានវិធានការតឹងរ៉ឹងជាងមុន ចំពោះតំបន់ហ្គាហ្សា រួមទាំងការបណ្តេញប្រជាជនចេញពីតំបន់ផងដែរ។

– ប្រជាជននៅតំបន់ហ្គាហ្សាដឹងថា ការបោះឆ្នោតនៅអ៊ីស្រាអែលនឹងកំណត់អនាគតរបស់ពួកគេ ហើយមនុស្សជាច្រើនបានតាមដានយ៉ាងយកចិត្តទុកដាក់ លើដំណើរការឃោសនារកសំឡេងឆ្នោតនេះ។
– លោក Mohammed Eliyan អាយុ ៣៦ឆ្នាំ ត្រូវបង្ខំឱ្យចាកចេញពីជំរុំជនភៀសខ្លួន Jabalia ក្នុងតំបន់ហ្គាហ្សាភាគខាងជើង ហើយបច្ចុប្បន្ន លោកកំពុងរស់នៅក្នុងតំបន់ Deir el-Balah ជាមួយកូនៗទាំង ៥ នាក់របស់លោក។ លោកសង្ឃឹមថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំក្នុងប្រទេសអ៊ីស្រាអែល អាចនាំមកនូវភាពធូរស្រាលដល់ជនជាតិប៉ាឡេស្ទីន ដែលឆ្លងកាត់ការភៀសខ្លួនម្ដងហើយម្ដងទៀត។
– លោកបានប្រាប់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ ខែតុលា ថា៖ «យើងតាមដានការបោះឆ្នោត នៅអ៊ីស្រាអែល ដើម្បីមើលថាអ្នកណាជាអ្នកឈ្នះ នៅដំណាក់កាលបន្ទាប់។ យើងសង្ឃឹមថា វានឹងអាចជួយសម្រាលស្ថានការណ៍សម្រាប់បុព្វហេតុប៉ាឡេស្ទីន ក៏ដូចជាសម្រាប់ពួកយើង ដែលត្រូវបង្ខំឱ្យភៀសខ្លួនជាថ្មីម្តងទៀត»។
– លោក Eliyan សង្ឃឹមថា Gadi Eisenkot ជាអតីតមេបញ្ជាការយោធាអ៊ីស្រាអែល និងជាគូប្រជែងដ៏សំខាន់របស់ លោក ណេតាន់យ៉ាហ៊ូ នឹងអាចយកឈ្នះលើនាយករដ្ឋមន្ត្រីរូបនេះបាន។ លោក ណេតាន់យ៉ាហ៊ូ មានជំហររឹងរូសខ្លាំងជាង ហើយខ្លួនព្រួយបារម្ភថា ប្រសិនបើគណបក្ស Likud របស់ លោក ណេតាន់យ៉ាហ៊ូ រួមជាមួយសម្ព័ន្ធមិត្ត មានមនោគមវិជ្ជាស្តាំនិយមជ្រុល ទទួលបានជ័យជម្នះសម្រាប់អាណត្តិមួយទៀត នោះនឹងនាំឱ្យមានសង្គ្រាមកាន់តែខ្លាំង និងការបង្ខំឱ្យប្រជាជននៅតំបន់ហ្គាហ្សា ភៀសខ្លួនចេញពីលំនៅឋានថែមទៀត។
– លោក Eliyan បានលើកឡើងថា៖ «យើងសង្ឃឹមថានឹងមានការផ្លាស់ប្តូរ បន្ទាប់ពីការបោះឆ្នោត ហើយបុគ្គលទៀតក្រៅពី លោក ណេតាន់យ៉ាហ៊ូ នឹងទទួលបានជ័យជម្នះ។ អ្វីដែល ណេតាន់យ៉ាហ៊ូ ធ្វើ ចំពោះប្រជាជនប៉ាឡេស្ទីន ទាំងមុន និងក្រោយថ្ងៃទី ៧ ខែតុលា គឺមិនមែនតូចតាចឡើយ»។
– ប៉ុន្តែទោះបីជាបេក្ខជនណាម្នាក់ឈ្នះក្តី ក៏ Eliyan មិនរំពឹងថា នឹងមានការផ្លាស់ប្តូរធំដុំណាមួយ ក្នុងគោលនយោបាយអ៊ីស្រាអែលនោះទេ។
– លោកបន្ត៖ «ពួកគេនៅតែជាសត្រូវរបស់យើង ហើយខ្ញុំមិនរំពឹងថា ស្ថានភាពនឹងប្រសើរឡើងខ្លាំងនោះទេ។ ប៉ុន្តែយើងសង្ឃឹមថា អ្នកដឹកនាំថ្មីអាចនឹងមានភាពតឹងរ៉ឹងតិចជាង លោក ណេតាន់យ៉ាហ៊ូ»។
– បុរសរូបនេះអំពាវនាវឱ្យអ្នកដឹកនាំបន្ទាប់របស់អ៊ីស្រាអែល បញ្ចប់សង្គ្រាម ទប់ស្កាត់ការបង្ខំឱ្យចាកចេញពីលំនៅឋាន និងភាពអត់ឃ្លាន ព្រមទាំងបន្ធូរបន្ថយការរឹតត្បិត តាមច្រកព្រំដែនតំបន់ហ្គាហ្សា។
– លោកបន្ថែម៖ «យើងចង់ឱ្យអ្នកដឹកនាំអ៊ីស្រាអែល មិនមែនជាបុគ្គលដែលមានជំហរតឹងរ៉ឹងហួសហេតុនោះទេ។ សូមបញ្ចប់សង្គ្រាម ហើយអនុញ្ញាតឱ្យពួកយើងរស់នៅ ដោយសន្តិភាព»៕
