តើ​ប្រជាជន​​ប៉ាឡេស្ទីន​នៅ​​​ហ្គាហ្សា រំពឹងថា​ នឹង​​មាន​អ្វីផ្លាស់ប្តូរឬទេ បន្ទាប់​ពីការបោះ​ឆ្នោត នៅអ៊ីស្រាអែល?​

អន្តរជាតិះ – បន្ទាប់​ពី​សង្គ្រាម​ប្រល័យ​ពូជសាសន៍​អូស​បន្លាយ​អស់រយៈ​ពេល ៣ឆ្នាំ ​ប្រជាជនប៉ាឡេស្ទីន​នៅតំបន់ហ្គាហ្សា កំពុង​តាមដានការ​បោះឆ្នោត​​នៅ​អ៊ីស្រាអែល​ ដោយអារម្មណ៍លាយឡំ​គ្នារវាងការ​ភ័យខ្លាច និងភាពមិន​ច្បាស់លាស់​។

– ទោះ​បីជាតំបន់នេះ​ស្ថិត​ក្រោម «បទឈប់​បាញ់» មួយ​ ចាប់​តាំងពីខែតុលា ឆ្នាំ ២០២៥ មក​ក៏ដោយ ក៏ប្រជាជនប៉ាឡេស្ទីន​នៅហ្គាហ្សា នៅ​តែបន្តរង​គ្រោះពីការវាយប្រហារ​តាមផ្លូវអាកាស​របស់អ៊ីស្រាអែលស្ទើរ​តែរៀង​រាល់ថ្ងៃ ដោយ​លក្ខខណ្ឌ​រស់​នៅដ៏លំបាក​វេទនា និងការឡោមព័ទ្ធដ៏​ធ្ងន់ធ្ងរ បណ្តាលឱ្យខ្វះខាត​ទំនិញ​ចាំបាច់​ សម្រាប់​ការរស់នៅ​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅ​ថ្ងៃអង្គារ​នេះ ប្រជាជនអ៊ីស្រាអែល​នឹងទៅចូលរួម​បោះឆ្នោតជ្រើស​រើស​រដ្ឋា​ភិបាលថ្មី ​ជាការបោះឆ្នោតមួយ​​ ដែល​​ជះឥទ្ធិពលយ៉ាងខ្លាំង​ ចំពោះ​សង្រ្គាម​ នៅតំបន់​ហ្គាហ្សា។

– នាយក​រដ្ឋ​មន្ត្រី លោក បេន​ចាមីន​ ណេតាន់​យ៉ាហ៊ូ បាន​រងការរិះគន់យ៉ាងខ្លាំង​ ចំពោះ​ការគ្រប់​គ្រងបញ្ហាសន្តិសុខ មុនពេល​មានការវាយ​ប្រហារលើ​អ៊ីស្រាអែល​ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ ដឹកនាំ​ដោយ​ក្រុមហាម៉ាស​។ សមាជិក​មួយចំនួន​ក្នុង​រដ្ឋា​ភិបាល​ស្តាំនិយម​ជ្រុលរបស់​លោក បាន​អំពាវនាវឱ្យ​មាន​វិធានការ​តឹងរ៉ឹងជាង​មុន​ ចំពោះ​តំបន់ហ្គាហ្សា រួមទាំង​ការបណ្តេញ​ប្រជាជនចេញ​ពីតំបន់ផង​ដែរ​។​

– ប្រជាជន​នៅ​តំបន់ហ្គាហ្សា​ដឹងថា ការបោះឆ្នោត​នៅ​អ៊ីស្រាអែល​​នឹងកំណត់​អនាគត​របស់ពួកគេ ហើយមនុស្ស​ជាច្រើនបាន​តាមដានយ៉ាងយកចិត្ត​ទុកដាក់ លើដំណើរការ​ឃោសនារក​សំឡេងឆ្នោតនេះ​។

– លោក Mohammed Eliyan អាយុ​ ៣៦ឆ្នាំ ត្រូវបង្ខំឱ្យចាកចេញ​ពីជំរុំ​ជនភៀសខ្លួន Jabalia ក្នុងតំបន់​ហ្គាហ្សាភាគខាងជើង ហើយ​បច្ចុប្បន្ន ​លោកកំពុងរស់​នៅ​ក្នុងតំបន់ Deir el-Balah ជាមួយកូនៗ​ទាំង ៥ នាក់​របស់​លោក។ លោកសង្ឃឹម​ថា ការផ្លាស់ប្តូរថ្នាក់​ដឹកនាំ​ក្នុងប្រទេស​អ៊ីស្រាអែល អាច​នាំមកនូវភាពធូរស្រាល​ដល់​ជនជាតិប៉ាឡេស្ទីន ដែល​ឆ្លង​កាត់ការ​ភៀស​ខ្លួនម្ដង​ហើយម្ដង​ទៀត។

– លោកបាន​ប្រាប់សារ​ព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ថា៖ «យើង​តាមដាន​ការបោះ​ឆ្នោត​ នៅអ៊ីស្រាអែល ដើម្បី​មើលថា​អ្នកណាជា​អ្នកឈ្នះ​ នៅដំណាក់​កាល​បន្ទាប់។ យើង​សង្ឃឹមថា វានឹង​អាច​ជួយសម្រាល​ស្ថានការណ៍​សម្រាប់​បុព្វហេតុ​ប៉ាឡេស្ទីន ក៏​ដូចជាសម្រាប់​ពួកយើង ដែល​ត្រូវបង្ខំឱ្យ​ភៀសខ្លួន​ជាថ្មីម្តង​ទៀត»។

– លោក Eliyan សង្ឃឹម​ថា Gadi Eisenkot ជាអតីត​មេ​បញ្ជាការយោធា​អ៊ីស្រាអែល និង​ជាគូប្រជែង​ដ៏សំខាន់របស់​ លោក ណេតាន់​យ៉ាហ៊ូ​ នឹង​អាច​យកឈ្នះ​លើនាយក​រដ្ឋមន្ត្រី​រូបនេះ​បាន​។ លោក ណេតាន់​យ៉ាហ៊ូ មានជំហរ​រឹងរូសខ្លាំងជាង ហើយ​ខ្លួន​ព្រួយបារម្ភថា ប្រសិន​បើគណ​បក្ស Likud របស់​ លោក ណេតាន់​យ៉ាហ៊ូ​ រួមជាមួយ​សម្ព័ន្ធមិត្ត​ មាន​មនោគម​វិជ្ជាស្តាំ​និយម​ជ្រុល ទទួលបាន​ជ័យជម្នះសម្រាប់​អាណត្តិមួយ​ទៀត នោះ​នឹងនាំ​ឱ្យមានសង្គ្រាម​កាន់តែខ្លាំង និង​ការបង្ខំឱ្យប្រជាជន​នៅតំបន់​ហ្គា​ហ្សា​ ភៀសខ្លួន​ចេញ​ពីលំនៅឋាន​ថែមទៀត​។

– លោក​​ Eliyan បានលើក​ឡើង​ថា៖ «យើង​សង្ឃឹមថា​នឹងមានការផ្លាស់ប្តូរ បន្ទាប់ពីការបោះ​ឆ្នោត ហើយបុគ្គលទៀត​ក្រៅពី លោក ណេតាន់​យ៉ាហ៊ូ នឹងទទួលបាន​ជ័យជម្នះ។ អ្វីដែល​ ណេតាន់​យ៉ាហ៊ូ ធ្វើ​ ចំពោះប្រជាជន​ប៉ាឡេស្ទីន ​ទាំងមុន និងក្រោយ​ថ្ងៃទី ៧ ខែតុលា គឺមិនមែន​តូចតាច​ឡើយ»។

– ប៉ុន្តែ​ទោះបី​ជា​បេក្ខ​ជន​ណា​ម្នាក់​ឈ្នះ​ក្តី ក៏ Eliyan មិន​រំពឹងថា​ នឹងមាន​ការផ្លាស់ប្តូរធំ​ដុំ​ណាមួយ​​ ក្នុងគោលនយោបាយអ៊ីស្រាអែល​នោះទេ។

– លោក​បន្ត​៖ «​ពួកគេនៅតែជា​សត្រូវរបស់​យើង ហើយ​ខ្ញុំមិនរំពឹងថា​ ស្ថានភាពនឹង​ប្រសើរឡើងខ្លាំង​នោះទេ។ ប៉ុន្តែយើង​សង្ឃឹមថា អ្នក​ដឹកនាំថ្មីអាច​នឹងមានភាព​តឹងរ៉ឹង​តិច​ជាង​ លោក ណេតាន់​យ៉ាហ៊ូ​»។

– បុរស​រូប​នេះ​អំពាវនាវ​ឱ្យអ្នកដឹកនាំ​បន្ទាប់របស់​អ៊ីស្រាអែល បញ្ចប់សង្គ្រាម​ ទប់ស្កាត់ការ​បង្ខំ​ឱ្យចាកចេញពី​លំនៅឋាន និងភាពអត់ឃ្លាន ​ព្រមទាំង​បន្ធូរបន្ថយ​ការរឹតត្បិត​ តាមច្រកព្រំដែនតំបន់ហ្គាហ្សា​។​

– លោក​បន្ថែម​៖ «​យើងចង់​ឱ្យអ្នកដឹកនាំ​អ៊ីស្រាអែល មិនមែន​ជាបុគ្គល​ដែល​មានជំហរតឹងរ៉ឹង​ហួសហេតុ​នោះទេ។ សូម​បញ្ចប់សង្គ្រាម ហើយ​អនុញ្ញាតឱ្យពួកយើង​រស់នៅ​ ដោយសន្តិភាព​»៕

You might like