ដំណើរការបែងចែកកន្លែងការងារជូនបេក្ខជនគ្រូជាប់បម្រុងកម្រិតបឋមសិក្សាថ្ងៃទី១ បញ្ចប់ដោយរលូន និងធានាបាននូវតម្លាភាព

ភ្នំពេញះ – ដំណើរការជ្រើសរើសកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនជាប់បម្រុងប្រភេទអាទិភាពទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្នាំ២០២៥ នាថ្ងៃដំបូង ត្រូវថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ប្រកបដោយភាពរលូន និងធានាបាននូវតម្លាភាពពិតប្រាកដ។

– ក្រសួងមុខងារសាធារណៈ អះអាងតាមរយៈបណ្ដាញសង្គមថា ដំណើរការពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល ដោយផ្អែកលើគោលការណ៍ច្បាស់លាស់ គឺបែងចែកទៅតាមលំដាប់ពិន្ទុពីខ្ពស់មកទាប ស្របតាមលទ្ធផលប្រឡងផ្លូវការ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រសួងមុខងារសាធារណៈបន្ថែមថា តាមរយៈការវាយតម្លៃរួម ដំណើរការទាំងមូល បានប្រព្រឹត្តទៅដោយគ្មានការអន្តរាគមន៍ និងមានការចូលរួមត្រួតពិនិត្យពីគណៈកម្មការនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអ្នកសង្កេតការណ៍សាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ១០០% ជូនបេក្ខជនលោកគ្រូ-អ្នកគ្រូថ្មី។

– គណៈកម្មការរៀបចំបែងចែកកន្លែងការងារ ក៏រំលឹកដល់បេក្ខជនជាប់បម្រុងអាទិភាពទី១ ដែលនៅសេសសល់ទាំងអស់ ត្រូវមកចូលរួមដំណើរការជ្រើសរើសកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ស្អែកនេះ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល (https://maps.app.goo.gl/UKA26yuAApKdmRku6?g_st=it) ដោយផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប តាមលទ្ធផលផ្លូវការ (https://web.facebook.com/share/p/14rYehH5kR5/) ឱ្យបានទាន់ពេលវេលាកំណត់ ក្នុងនោះវេនព្រឹក ចាប់ពី០៧:៣០ព្រឹកដល់ម៉ោង១២:០០ ថ្ងៃត្រង់ សម្រាប់បេក្ខជនលេខរៀងទី២៤១ ដល់ទី៣៦០ (ត្រូវមកដល់មណ្ឌល និងមានវត្តមាននៅម៉ោង ០៦:៣០ព្រឹក)។

– សម្រាប់វេនរសៀលចាប់ពីម៉ោង០១:៣០រសៀល ដល់វេលាម៉ោង៥:៤៥នាទីល្ងាច សម្រាប់បេក្ខជនលេខរៀងទី៣៦១ រហូតដល់បេក្ខជនចុងក្រោយ លេខរៀងទី៤០៨ (ត្រូវមកដល់មណ្ឌល និងមានវត្តមាននៅម៉ោង ១២:៣០រសៀល)។

– បេក្ខជនត្រូវមកចូលរួមជ្រើសរើសកន្លែងការងារដោយផ្ទាល់។ ករណីអវត្តមានដោយគ្មានមូលហេតុច្បាស់លាស់ ឬគ្មានអ្នកតំណាងស្របច្បាប់ គណៈកម្មការនឹងចាត់ទុកថាបោះបង់សិទ្ធិ។

– គួរឱ្យដឹងដែរថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងដើម្បីធានានូវភាពរលូន តម្លាភាព ព្រមទាំងយុត្តិធម៌ ស្របតាមគោលការណ៍គុណាធិបតេយ្យ នារសៀលថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានអញ្ជើញចុះពិនិត្យផ្ទាល់នូវដំណើរការរៀបចំបែងចែកកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ឆ្នាំ២០២៥ ផងដែរ៕

 

You might like