កំពង់ស្ពឺ / យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋានខេត្តកំពង់ស្ពឺបានឲ្យដឹងថា៖ នៅយប់ថៃ្ងទី២២ ខែកក្ដដា ឆ្នាំ២០២៦ វេលាម៉ោង២០:០០នាទី មានករណីឃាតកម្មដ៏សាហាវព្រៃផ្សៃមួយបានកើតទ្បើងនោះគឺករណីប្ដីសម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនដឹងមូលហេតុ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

តាមការបញ្ជាក់ពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាប្ដីមានឈ្មោះ អ៊ុំ សុខន ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើត ភូមិខ្សឹង ឃុំរការធំ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ខ្លូត ស្រីនី ភេទស្រី អាយុ ៣៥ឆ្នាំ (ត្រូវជាប្រពន្ឋ) បណ្តាលអោយជនរងគ្រោះស្លាប់។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ អ៊ុំ សុខន បានយកម៉ូតូមួយគ្រឿង ម៉ាក let ពណ៌ទឹកប្រាក់ ស្លាកលេខ កំពង់ស្ពឺ 1M-1903 រួមជាមួយវត្ថុតាងកាំបិតបានជិះគេចខ្លួចបាត់។
ភ្លាមៗនោះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានធ្វើការសហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្ដតាកែវ តាមប្រមាញ់ដើម្បីចាប់ខ្លួនជនសង្ស័យ។ លុះដល់ម៉ោង២៣.០០នាទី បានទទួលព័ត៌មានថានៅចំណុចភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ជនសង្ស័យ អុំ សុខន បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើកម៉ូតូចូលរថយន្តម៉ាក Hyundai ប្រភេទឃ្លុប ២តោនកន្លះ ពណ៌សស្លាកលេខ ភ្នំពេញ3G.5635បណ្តាលអោយបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
សពជនសង្ស័យជាឃាតករឈ្មោះ អ៊ុំ សុខន ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសំរោង ចំណាត់ការតាមនីតិវិធី និងប្រគល់ជូនសាច់ញាតិ៕


