អន្តរជាតិះ – មន្ត្រីអាមេរិកម្នាក់ បានប្រាប់ឱ្យដឹង កាលពីថ្ងៃពុធថា យោធាអាមេរិកធ្វើការវាយប្រហារថ្មីមួយទៀតលើអ៊ីរ៉ង់ ដែលជាការរំលោភបទឈប់បាញ់ដ៏រង្គោះរង្គើរវាងប្រទេសទាំងពីរ។
– មន្ត្រីរូបនេះ បានពិពណ៌នាការវាយប្រហារទាំងនេះថាជាការការពារ ដោយបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ចំនួន ៤ គ្រឿង និងវាយប្រហារស្ថានីយត្រួតពិនិត្យមួយកន្លែងក្នុងទីក្រុងកំពង់ផែ Bandar Abbas ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យន្តហោះគ្មានមនុស្សបើកទាំងនោះ បានបង្កការគំរាមកំហែងជិតច្រកសមុទ្រ Hormuz ដែលជាចំណុចសំខាន់មួយនៃការដឹកជញ្ជូនប្រេងដែលត្រូវបានបិទចាប់តាំងពីសង្គ្រាមចាប់ផ្តើម។
– ទន្ទឹមនោះ មន្ត្រីដដែល បានបន្ថែមថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែត្រូវបានគេចាត់ទុកថាមានសុពលភាព។ មន្ត្រី បន្តថា សកម្មភាពទាំងនេះជាការការពារខ្លួនសុទ្ធសាធ និងមានបំណងរក្សាបទឈប់បាញ់។
– ការវាយប្រហារនេះ បានកើតឡើងត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បញ្ជាក់ពីការវាយប្រហារការពារខ្លួនម្ដងហើយលើភាគខាងត្បូងអ៊ីរ៉ង់ ដោយវាយប្រហារទីតាំងបាញ់មីស៊ីល និងទូកអ៊ីរ៉ង់ដែលចោទថា បានព្យាយាមដាក់មីន។
– យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យ CENTCOM លោកអនុសេនីយ៍ឯក Tim Hawkins អះអាងថា ការវាយប្រហារទាំងនេះត្រូវបានអនុវត្តដើម្បីការពារកងទ័ពយើងពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់។
– ទោះជាយ៉ាងណា អ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហារ កាលពីប៉ុន្មានថ្ងៃមុនថាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់» ហើយសន្យាថានឹងមិនទុកឲ្យមានសកម្មភាពអរិភាពណាមួយដោយគ្មានការឆ្លើយតបឡើយ៕

