កីឡាះ- ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រវាងក្រុមម្ចាស់ផ្ទះ Kuwait SC និងក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើឡើងនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ ស្អែកនេះ នៅប្រទេសគុយវ៉ែត វេលាម៉ោង១១៖៤៥នាទីយប់(ម៉ោងនៅកម្ពុជា)។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ចំពោះការប្រកួតនេះអតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Pep Muñoz បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយលោក បានគិតថា ក្រុម Kuwait ក្នុងនាមជាម្ចាស់ផ្ទះ ប្រាកដជាចាប់ផ្តើមការប្រកួតដោយទំនុកចិត្ត ប៉ុន្តែព្រះខ័នរាជស្វាយរៀង មានលក្ខណៈពិសេសនៃការលេងផ្ទាល់ខ្លួន។
– លោក Pep Muñoz បានប្រាប់៖«វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមទាំងពីរសុទ្ធតែធ្លាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រដូចគ្នាកាលពីមុន ដូច្នេះពួកគេមានអារម្មណ៍បែបណាក្នុងវគ្គផ្តាច់ព្រ័ត្ររួចទៅហើយ។ ក្រុម Kuwait ជាម្ចាស់ផ្ទះ ច្បាស់ណាស់ ពួកគេនឹងចាប់ផ្តើមការប្រកួតពោរពេញដោយទំនុកចិត្តជាង ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង នឹងព្យាយាមលេងតាមស្ទីលរបស់ខ្លួន។ របៀបលេងផ្ទាល់ខ្លួននោះហើយជាអាវុធដ៏ល្អបំផុត»។
– លោកបានលើកឡើងទៀតថា ៖«ការគ្រប់គ្រងបាល់គឺសំខាន់ ប៉ុន្តែការធ្វើប្រុងប្រយ័ត្នមិនឲ្យកើតមានកំហុស និងការបញ្ចប់ទីឲ្យច្បាស់ជារឿងរឹតតែសំខាន់។ ក្រុម Kuwait មានកីឡាករបរទេសល្អ ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង ជាក្រុមមួយ ដែលមានរបៀបលេងផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេអាចគ្រប់គ្រងការប្រកួត និងបង្កើតឱកាសដើម្បីរកគ្រាប់បាល់ ប៉ុន្តែរឿងសំខាន់មួយដែលត្រូវប្រុងប្រយ័ត្នមែនទែនគឺ មិនត្រូវបណ្តោយឲ្យ Kuwait វាយបកបានដាច់ខាត»៕(ដកស្រង់ពី៖ កម្ពុជាថ្មី)

