វិធីទាំង៥នេះ ជួយឱ្យបន្លែ-ផ្លែឈើ ស្រស់បានយូរ

សុខភាព៖ មនុស្សគ្រប់គ្នាតែងមានកិច្ចការងាររកសុី រវល់មិន​សូវ​មាន​​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ដើរ​ទៅ​ផ្សារ​ ​ដូច្នេះ ត្រូវទិញ​បន្លែ-ផ្លែឈើ​ច្រើនក្នុង​ពេល​តែមួយ ដើម្បី​រក្សា​ទុក​ចម្អិន​បាន​ច្រើន​ថ្ងៃ។ ប៉ុន្ដែការធ្វើបែបនេះ​ គុណភាព​អាហារូបត្ថម្ភ​ ក្នុង​បន្លែផ្លែឈើ​​ទាំងនោះ ​នឹងបាត់​បង់​កំលុង​ពេល​​​រក្សា​ទុក ទោះ​ដាក់​ក្នុង​ទូទឹកកក​ក៏​ដោយ។ តែយ៉ាងណា បើចង់ឱ្យបន្លែ-ផ្លែឈើ ស្រស់បានយូរអាចសាកល្បងតិចនិក​ទាំង៥នេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

១. ទិញបន្លែ-​ផ្លែ​ឈើ​ណាខ្ចីជាងគេ៖ នៅ​ពេល​ទៅ​ទិញ​បន្លែ-ផ្លែ​ឈើ​ស្រស់ ​​ត្រូវ​តែ​ជ្រើស​រើស​យក​បន្លែ​ផ្លែ​ឈើ​ណា​ខ្ចី​ជាង​គេ ​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ​ជាង​ផលិត​ផល​ផ្សេង​ទៀត។ បើ​ទិញ​ផ្លែឈើ​ទុំ​ ​គេ​ចិត​ហើយ​នោះ ត្រូវ​បរិភោគ​ភ្លាម ដោយ​សារ​តែ​វា​អាច​ខូច​ហើយ​បាត់​បង់​នូវ​សារធាតុ​ចិញ្ចឹម​នៅ​ថ្ងៃ​បន្ទាប់។

២. កុំខ្ចប់បន្លែ-ផ្លែឈើណែនពេក៖ នៅ​ពេល​រក្សា​​ទុក​បន្លែ​នៅ​ជិត​ផលិត​ផល​ផ្សេង​ទៀត​នៅ​ក្នុង​ទូ​ទឹក​កក​ អាច​នឹង​​រលួយ​លឿន ឯ​ផ្លែឈើ​វិញ​ក៏​មាន​សភាព​ដូច​គ្នា​​ដែរ។ រក្សា​​ទុក​ផ្លែឈើ​ ​ជាមួយ​គ្នា​ច្រើន​ អាច​ធ្វើ​ឱ្យ​វា​ឆាប់​ទុំ និង​ឆាប់​ខូច​បាន ហេតុនេះ ​ត្រូវ​ចែកផ្លែ​ឈើ​ចេញ​ពី​គ្នា​នៅ​ពេល​រក្សា​ទុកក្នុងទូទឹកកក ​មិន​ត្រូវ​វេចខ្ចប់​ផ្លែឈើ និង​បន្លែ​ច្រើនពេកទេ ហើយ​ត្រូវ​រក្សា​​ទុកនៅ​ក្នុង​ថត​ផ្សេង​ៗ​គ្នា។ ​ក្នុងនោះ ថង់​កៅស៊ូ​គួរ​តែ​យក​ចេញ​ជំនួស​ដោយ​ក្រដាសធ្លុះៗរុំដោយក្រណាត់ ឬដាក់ក្នុងកែវ។

៣. មិនត្រូវចិតបន្លែ-ផ្លែឈើទុកចោល៖ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ​ផ្លែឈើ និង​បន្លែ​ ​ចិត​ទុក​ចោលនឹង​បាត់​បង់​នូវ​ វីតាមីន​ដែល​មានដូច​ជា​វីតាមីន C និងជាតិ ការ៉ូតេណយ (Carotenoids)។ ការ​ទុក​ចោល​រយៈពេល៥-៦ ថ្ងៃ នឹង​មាន​ផល​ប៉ះ​ពាល់​ធ្វើឱ្យមានអុកស៊ីសែន​ច្រើន​អាច​កាត់​បន្ថយ​នូវ​សារធាតុ​ចិញ្ចឹម​របស់​វា ដូច្នេះ​ត្រូវ​ទុក​រហូត​ដល់​ពេលយើង​យក​មក​ចម្អិន​ ឬ​ពេល​ទទួលទាន​ ​ចាំ​ចិត​ទើប​វា​នៅ​ស្រស់​ហើយមាន​សារធាតុ​ចិញ្ចឹម​ច្រើន។

៤. កុំទុកទឹកផ្លែឈើដែលកិនហើយចោល៖ ការ​កិន​ទឹក​ផ្លែឈើ ឬ​បន្លែ​ ២-៣ កែវ​ ទុក​សម្រាប់​ទទួលទាននៅ​ថ្ងៃ​បន្ទាប់​ ដើម្បី​សន្សំ​សំចៃ​​ពេល​វេលា។ ទោះ​ជា​​អាច​សន្សំ​សំចៃ​ពេល​វេលា​បានមែន តែ​សារ​ធាតុ​ចិញ្ចឹម​​មាន​នៅ​ក្នុង​ទឹក​បន្លែ-ផ្លែ​ឈើ ​ ក៏​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​តាមនឹង​ដែរ។ ​យក​ល្អ​​​គួរ​តែ​ផឹក​ទឹក​ផ្លែ​ឈើ​ស្រស់​ភ្លាម​ៗ​បន្ទាប់​ពីបានធ្វើរួច។

៥. មិនត្រូវលាងសម្អាតបន្លែ-ផ្លែឈើទុកចោលយូរ៖ គ្រប់​បន្លែ និង​ផ្លែឈើ​ទាំង​អស់ត្រូវ​តែ​លាង​សម្អាត​ ដើម្បី​កុំ​ឱ្យមាន​សត្វ​ល្អិត សារធាតុ​គីមី ដី និង​បាក់តេរី​ដែល​ទំជាប់ ប៉ុន្តែក្នុង​ករណី​ខ្លះ​ការ​លាង​ហើយ ​ទុក​វា​ចោល​រយៈពេល​យូរក្រនឹងទទួលទាន ឬមិនយកមកចម្អិនភ្លាមៗក្រោយលាង អាច​បណ្តាល​ឱ្យកើត​មានពពួក​ផ្សិត​បាន។ យកល្អមិន​ត្រូវ​លាង​ផ្លែឈើ និង​បន្លែ​ មុន​ទេលុះ​ត្រា​តែយើង​ត្រូវ​ការ​យក​មក​ចម្អិន ឬបរិភោគភ្លាមៗចាំយកចេញ​មក​លាងសម្អាត៕អត្ថបទទទួលសិទ្ធិពីគេហទំព័រ៖ Hello គ្រូពេទ្យ

You might like