សុខភាព៖ គ្រប់បន្លែទាំងអស់ គឺសុទ្ធតែមានគុណប្រយោជន៍ផ្សេងៗគ្នា តួយ៉ាង បើងាកមកមើល តាំងអោ ជាបន្លែពណ៌បៃតងងាយឆ្អិន ស្រួយ និងមានរសជាតិល្វីងតិចតួចលាយផ្អែមឡែមៗ បើទោះបីរសជាតិបែបនេះ តែ តាំងអោសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម ដែលផ្តល់អត្ថប្រយោជន៍៦យ៉ាងដល់រាងកាយ…។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
១.ជួយបង្កើនគ្រាប់ឈាមក្រហម៖ ក្នុងតាំងអោ១០០ក្រាមមានផ្ទុកជាតិដែក២,២៩ មិល្លីក្រាម ដែលស្មើនឹង១៣ភាគរយនៃបរិមាណជាតិដែកសរុបប្រចាំថ្ងៃ ត្រូវបានណែនាំសម្រាប់មនុស្សពេញវ័យ។ ជាតិដែក ជួយបំប្លែងជាតិស្ករក្នុងឈាមទៅជាថាមពល ផលិតកោសិកាឈាមក្រហម ដឹកនាំអុកស៊ីហ្សែនចែកចាយពេញរាងកាយ ផលិតអង់ស៊ីម ដែលជួយដល់ការផលិតកោសិកាថ្មី អាស៊ីដអាមីណូ និងអ័រម៉ូន។ មួយវិញទៀត ជាតិដែកក៏ជួយកាត់បន្ថយភាពនឿយហត់ និងអស់កម្លាំង។
២.ជួយសម្រកទម្ងន់៖ តាំងអោ មានផ្ទុកអាស៊ីដ chlorogenic ដែលអាចពន្យឺតការបញ្ចេញជាតិគ្លុយកូសចូលក្នុងចរន្តឈាម បន្ទាប់ពីអាហារត្រូវបានបំប្លែង។ លើសពីនេះ តាំងអោ មានកាឡូរីទាប ដោយតាំងអោ១០០ក្រាម មានកាឡូរីតែ២២ប៉ុណ្ណោះ ម្យ៉ាងទៀត វាសម្បូរទៅដោយជាតិសរសៃ និងមានជាតិខ្លាញ់ទាប ដែលជួយដល់ដំណើរការរំលាយអាហារ និងជួយឱ្យស្រកទម្ងន់។
៣.ប្រឆាំងរ៉ាឌីកាល់សេរី៖ តាំងអោ ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា flavonoids វីតាមីន និងcarotenoids។ សារធាតុប្រឆាំងអុកស៊ីតកម្ម ទាំងនេះអាចស្រូបយក រ៉ាឌីកាល់សេរី និងម៉ូលេគុល បំផ្លាញសុខភាពផ្សេងទៀត ដែលពពួកម៉ូលេគុលទាំងនោះ ធ្វើឱ្យមានជំងឺបេះដូង មានស្នាមជ្រួញ ចាស់មុនអាយុ កើតមហារីក និងកើតជំងឺផ្សេងៗទៀតជាច្រើន។ ៤.ជួយសុខភាពទូទៅ៖ ក្នុងតាំងអោ១០០ក្រាមមានផ្ទុកប៉ូតាស្យូម២៧០មិល្លីក្រាម ដែលច្រើនជាងប៉ូតាស្យូមដែលមានក្នុងចេក១០០ក្រាមដល់ទៅ៣០ភាគរយ។ ក្នុងនោះ ប៉ូតាស្យូម អាចជួយប្រឆាំងនិងជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល គ្រួសក្នុងតម្រងនោម ហើមពោះ ការឡើងខ្លាញ់នៅក្រោមស្បែក និងការពារការបាត់បង់កំហាប់ឆ្អឹង។

៥.កាត់បន្ថយហានិភ័យកើតមហារីកសួត៖ តាមការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង Asia-Pacific Journal of Clinical Nutrition ក្នុងឆ្នាំ២០០៧ បានឱ្យដឹងថា តាំងអោសម្បូរទៅដោយវីតាមីន A ហើយការទទួលទានបន្លែដែលផ្ទុកទៅដោយវីតាមីន A ខ្ពស់ អាចកាត់បន្ថយហានិភ័យកើតមហារីកសួត។
៦.ជំនួយឆ្អឹង និងធ្មេញ៖ ក្នុងតាំងអោ ១០០ក្រាម មានផ្ទុកកាល់ស្យូម១១៧មិល្លីក្រាម ដែលស្មើនឹង១២ភាគរយនៃតម្លៃកាល់ស្យូមសរុបប្រចាំថ្ងៃដែលបានណែនាំសម្រាប់មនុស្សពេញវ័យ។ កាល់ស្យូម ជួយឱ្យឆ្អឹង ធ្មេញរឹងមាំ និងមានសុខភាពល្អ។ បន្ថែមពីនេះ កាល់ស្យូមក៏ជួយឱ្យមានកម្លាំង ជួយឱ្យសាច់ដុំកន្រ្តាក់ និងមានចលនាល្អផងដែរ៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

