
សុខភាព៖ នៅពេលខ្លះចេះចង់ទទួលទានអាហារណាដែលមានរសជាតិបែបប្រៃដិតៗ នោះក៏ដោយសារតែរាងកាយកំពុងតែជួបនឹងរឿង១០យ៉ាង។ ដើម្បីស្រាយចង្ងល់ថ្ងៃនេះ SBM News នឹងលើកយកមកជម្រាបជូនលោកអ្នកឱ្យបានជ្រាប..។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

១.គេងមិនគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់ ធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូនដែលបង្កមានភាពតានតឹងកាន់តែខ្លាំង និងចង់បរិភោគអាហារ ដែលធ្វើឱ្យសប្បាយចិត្តដូចជា អាហារដែលមានអំបិល ស្ករ និងខ្លាញ់ខ្ពស់។ ២.មានភាពតានតឹង៖ នៅពេលស្ត្រេសរាងកាយនឹងបញ្ចេញអ័រម៉ូន cortisol ច្រើនធ្វើឱ្យចង់ទទួលទាន អាហារច្រើន ដើម្បីឱ្យអារម្មណ៍ធូរស្រាលហើយជាទូទៅ អាហារដែលមានជាតិស្ករ ខ្លាញ់ និងអំបិលខ្ពស់ គឺជាអាហារដែលឆ្ងាញ់ និងធ្វើឱ្យសប្បាយចិត្ត។ ៣.បែកញើសច្រើន៖ នៅពេលបែកញើសច្រើន រាងកាយនឹងបាត់បង់ជាតិទឹក និងសារធាតុសូដ្យូម ច្រើនដែលធ្វើឱ្យរាងកាយត្រូវការអាហារមានជាតិប្រៃ ដើម្បីបំពេញជាតិសូដ្យូមឡើងវិញ។

៤.មានជំងឺសួតឡើងរឹង (Cystic Fibrosis)៖ សួតឡើងរឹង ជាជំងឺតំណពូជដែលប៉ះពាល់ដល់សួត និងប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យរាងកាយត្រូវការអំបិលច្រើន។ អាការសួតឡើងរឹងមានដូចជា ទល់លាមក គ្រួសក្នុងតម្រងនោម នោមញឹក សម្ពាធឈាមចុះទាប និងរមួលសាច់ដុំ។ ៥.ខ្សោយក្រពេញលើតម្រងនោម៖ ប្រសិនបើខ្សោយក្រពេញលើតម្រងនោមរាងកាយ មិនអាចផលិតអ័រម៉ូនមួយចំនួនបានគ្រប់គ្រាន់ទេ រួមទាំងអ័រម៉ូន Cortisol ដែលជាអ័រម៉ូនគ្រប់គ្រងតុល្យភាពជាតិទឹក និងសូដ្យូមក្នុងខ្លួន ដែលជាហេតុ ធ្វើឱ្យចង់ញ៉ាំតែអាហារមានរសជាតិប្រៃ។ ៦.រោគសញ្ញាមុនពេលមករដូវ៖ មុនមករដូវមួយអាទិត្យ ដោយសារការប្រែប្រួលអ័រម៉ូន ស្រីៗមួយចំនួនអាចចង់ញ៉ាំអាហារប្រៃៗ ឬផ្អែមៗ។

៧.ខ្វះជាតិទឹក៖ នៅពេលរាងកាយខ្វះជាតិទឹក ខួរក្បាលនឹងបញ្ជូនសញ្ញាឱ្យចង់បរិភោគ អាហារប្រៃៗ ដើម្បីឱ្យយើងចង់ញ៉ាំទឹក។ អាការមួយចំនួនដែលបង្ហាញថា រាងកាយខ្វះជាតិទឹកមានដូចជា ស្រេកទឹក ឈឺក្បាល វិលមុខ បេះដូងលោតញាប់ មួម៉ៅ រមួលក្រពើ ឬរមួលសាច់ដុំ។ ៨.ទម្លាប់បរិភោគអាហារប្រៃៗ៖ ប្រសិនបើចូលចិត្តទទួលទានអាហារប្រៃៗ រាងកាយនឹងចេះតែនឹកចង់ព្រោះជាទម្លាប់។ ប្រសិនបើកាត់បន្ថយការញ៉ាំអាហារប្រៃៗ យូរៗទៅរាងកាយនឹងសុំានឹងការញ៉ាំអាហារមិនសូវប្រៃ ឬសាបហើយនោះ រាងកាយក៏ទទួលបានសុខភាពល្អព្រោះការបររិភោគប្រៃពេកមិនល្អដល់រាងកាយទ្បើយ។ ៩.ចាញ់កូន៖ ចំពោះម៉ាក់ៗដែលកំពុងពពោះ អាចមានអាការចាញ់ ដែលបណ្ដាលឱ្យក្អួត និងខ្សោះជាតិទឹក ធ្វើឱ្យឃ្លានចង់ទទួលទានអាហារដែលមានរសជាតិដិតបែបប្រៃៗ។

១០.មានជំងឺ Bartter ៖ ជំងឺ Bartter ជាជំងឺតម្រងនោម មួយប្រភេទធ្វើឱ្យរាងកាយមិនអាចស្រូបយកសារជាតិសូដ្យូម និងបណ្ដាលឱ្យចង់ទទួលទានសូដ្យូមបន្ថែម។ ជំងឺនេះមានអាការដូចជា សម្ពាធឈាមចុះទាប អស់កម្លាំង ឬរមួលសាច់ដុំ នោមញឹក ទល់លាមក និងមានគ្រួសក្នុងតម្រងនោម។ សូមចងចាំថា នៅពេលចង់ញ៉ាំអាហារប្រៃៗ កុំភ្លេចទទួលទានទឹកឱ្យបានច្រើន ដើម្បីជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន និងបរិភោគ អាហារដែលផ្ទុកប៉ូតាស្យូមខ្ពស់ដូចជា សារាយសមុទ្ទ ដំឡូងជ្វា ស៊ុតស្ងោ ល្ងខ្មៅ គ្រាប់ Walnut និងផ្លែឈើដូចជា ផ្លែប៉ែស ចេក ព្រូន ប៊្លូបឺរី បឺរ ជាជាងបរិភោគអាហារដែលមានជាតិប្រៃខ្ពស់៕

