អន្តរជាតិះ- មុនផុតអាណត្តិ រដ្ឋបាល លោក ចូ បៃដិន បានខិតខំខ្លាំងណាស់ ក្នុងការជួយអ៊ុយក្រែន ឲ្យបានច្រើនតាមលទ្ធភាព ហើយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានជួយទីក្រុងកៀវ ទាំងផ្នែកហិរញ្ញវត្ថុនិងយោធាគិតជាទឹកប្រាក់អស់ប្រហែល ១០០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្គ្រាមរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២មក។
– ថ្លែងប្រាប់ក្រុមប្រឹក្សាទំនាក់ទំនងបរទេសក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, លោក Antony Blinken លើកឡើងថា «យើងបានចំណាយប្រាក់យ៉ាងច្រើនលើអ៊ុយក្រែន និងការពារអ៊ុយក្រែនអស់ប្រហែល ១០០ពាន់លានដុល្លារហើយ។ សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ពួកគេក៏បានចំណាយប្រហែល១៥០ពាន់លានដុល្លារដែរ។ ជំនួយហិរញ្ញវត្ថុដល់ទីក្រុងកៀវនេះ គឺជាឧទាហរណ៍នៃការជួយរំលែកបន្ទុករវាងសមាជិកណាតូទាំងអស់»។
– យ៉ាងណា លោកអះអាងថា អ្នកជាប់ពន្ធអាមេរិក ពិតជាទទួលបានប្រយោជន៍ពីការខិតខំបំពាក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនដល់អ៊ុយក្រែន ពីព្រោះការងារថ្មីៗជាច្រើន ត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកដើម្បីបង្កើតអាវុធបន្ថែមទៀត។
– ការប្រកាសរបស់លោក Blinken កើតឡើងមួយសប្តាហ៍បន្ទាប់ពី រដ្ឋបាលលោក បៃដិន ប្រកាសកញ្ចប់ជំនួយអាវុធមួយផ្សេងទៀតឲ្យអ៊ុយក្រែន ដែលមានតម្លៃ ៥០០លានដុល្លារ ខណៈក្នុងនោះក៏មានដូចជា គ្រាប់រំសេវសម្រាប់ប្រព័ន្ធបាញ់រ៉ុកកែត HIMARS និងមីស៊ីលប្រឆាំងវិទ្យុសកម្មល្បឿនលឿន (HARMs) ផងដែរ។
– កញ្ចប់ជំនួយនេះផងដែរ ត្រូវបានប្រកាសរយៈពេល១០ថ្ងៃបន្ទាប់ពីអាមេរិក បញ្ជាក់ថា ខ្លួននឹងបញ្ជូនមីស៊ីល គ្រាប់រំសេវ គ្រាប់មីន និងសព្វាវុធផ្សេងៗទៀតដែលមានតម្លៃ ៧២៥លានដុល្លារទៅឲ្យអ៊ុយក្រែន។
– អ្នកនាំពាក្យសេតវិមាន លោក John Kirby គូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់កញ្ចប់ជំនួយបន្ថែមដល់អ៊ុយក្រែន រហូតដល់ចុងបញ្ចប់នៃរដ្ឋបាលរបស់លោក បៃដិន៕
