អាមេរិក ជួយអ៊ុយក្រែនអស់ ១០០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្គ្រាមរុស្ស៊ី ផ្ទុះឡើង

អន្តរជាតិះ- មុនផុតអាណត្តិ រដ្ឋបាល លោក ចូ បៃដិន បានខិតខំខ្លាំងណាស់ ក្នុងការជួយអ៊ុយក្រែន ឲ្យបានច្រើនតាមលទ្ធភាព ហើយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជា​ក់ថា ទីក្រុងវ៉ាស៊ីនតោន បានជួយទីក្រុងកៀវ ទាំងផ្នែកហិរញ្ញវត្ថុនិងយោធាគិតជាទឹកប្រាក់អ​ស់ប្រហែល ១០០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្គ្រាមរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២មក។

– ថ្លែងប្រាប់ក្រុមប្រឹក្សាទំនាក់ទំនងបរទេសក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, លោក Antony Blinken លើកឡើងថា «យើងបានចំណាយប្រាក់យ៉ាងច្រើនលើអ៊ុយក្រែន និងការពារអ៊ុយក្រែនអស់ប្រហែល ១០០ពាន់លានដុល្លារហើយ។ សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ពួកគេក៏បានចំណាយប្រហែល១៥០ពាន់លានដុល្លារដែរ។ ជំនួយហិរញ្ញវត្ថុដល់ទីក្រុងកៀវនេះ គឺជាឧទាហរណ៍នៃការជួយរំលែកបន្ទុករវាងសមាជិកណាតូទាំងអស់»។

– យ៉ាងណា លោកអះអាងថា អ្នកជាប់ពន្ធអាមេរិក ពិតជាទទួលបានប្រយោជន៍ពីការខិតខំបំពាក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនដល់អ៊ុយក្រែន ពីព្រោះការងារថ្មីៗជាច្រើន ត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកដើម្បីបង្កើតអាវុធបន្ថែមទៀត។

– ការប្រកាសរបស់លោក Blinken កើតឡើងមួយសប្តាហ៍បន្ទាប់ពី រដ្ឋបាលលោក បៃដិន ប្រកាសកញ្ចប់ជំនួយអាវុធមួយផ្សេងទៀតឲ្យអ៊ុយក្រែន ដែលមានតម្លៃ ៥០០​លានដុល្លារ ខណៈក្នុងនោះក៏មានដូចជា គ្រាប់រំសេវសម្រាប់ប្រព័ន្ធ​បាញ់​រ៉ុកកែត HIMARS និង​មីស៊ីល​ប្រឆាំងវិទ្យុសកម្មល្បឿនលឿន (HARMs) ផងដែរ។

– កញ្ចប់ជំនួយនេះផងដែរ ត្រូវបាន​ប្រកាស​រយៈពេល​​​​១០​ថ្ងៃ​បន្ទាប់​​ពី​អាមេរិក​ ​បញ្ជាក់​ថា ខ្លួននឹងបញ្ជូន​មីស៊ីល គ្រាប់រំសេវ គ្រាប់មីន និងសព្វាវុធផ្សេងៗទៀតដែលមានតម្លៃ ៧២៥លានដុល្លារទៅឲ្យអ៊ុយក្រែន។

– អ្នកនាំពាក្យសេតវិមាន លោក John Kirby គូសបញ្ជាក់​ថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់កញ្ចប់ជំនួយបន្ថែមដល់អ៊ុយក្រែន រហូតដល់ចុងបញ្ចប់នៃរដ្ឋបាល​​របស់​​លោក បៃដិន៕

 

You might like