បាញ់ហើយ៖ អ៊ុយក្រែន បាញ់មីស៊ីល ATACMS ដែលអាមេរិកអនុញ្ញាតនាពេលថ្មីៗនេះ ចូលទឹកដីរុស្ស៊ីហើយ

អន្តរជាតិះ- ប្រទេសរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារតំបន់ភាគខាងលិចរបស់ប្រទេសនេះ ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលគេស្គាល់ថាជា ATACMS ។ ប្រធានាធិបតីអាមេរិក លោក Joe Biden តាមសេចក្តីរាយការណ៍ បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ពួកវា ដើម្បីវាយប្រហារលើគោលដៅនានា នៅក្នុងទឹកដីរុស្ស៊ី។

– ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កាំជ្រួចចំនួនប្រាំមួយត្រូវបានបាញ់ចូលទៅក្នុងតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែនកាលពីថ្ងៃអង្គារ ហើយក្នុងចំណោមនោះមានមីស៊ីចំនួន ៥បានធ្លាក់ចុះ ប៉ុន្តែបំណែកនៃមីស៊ីលមួយទៀតបានធ្លាក់នៅលើបរិវេណនៃទីតាំងយោធា បណ្តាលឱ្យមានអគ្គីភ័យកើតទ្បើង។ ក្រសួងការពារជាតិរុស្ស៊ី​បាន​និយាយ​ថា ភ្លើង​បាន​រលត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ហើយ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ​។

– យោធា​អ៊ុយក្រែន​បាន​អះអាង​ថា ខ្លួន​បាន​វាយ​ប្រហារ​ឃ្លាំង​ផ្ទុក​គ្រាប់​រំសេវ​មួយរបស់រុស្ស៊ី​បណ្តាល​ឱ្យ​មាន​ការ​ផ្ទុះ​ចំនួន ១២ លើក និងមានអគ្គិភ័យ។ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​អាវុធ​ដែល​ប្រើ​នោះ​ទេ។ ទន្ទឹមនោះប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន​បាន​រាយការណ៍​ថា វា​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុង​កៀវ​បាន​ប្រើ ATACMS ផ្គត់ផ្គង់ដោយអាមេរិកសម្រាប់​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ឥឡូវនេះការយកចិត្តទុកដាក់គឺផ្តោតលើរបៀបដែលរុស្ស៊ីនឹងមានប្រតិកម្មចំពោះការវាយប្រហារចុងក្រោយរបស់អ៊ុយក្រែន។

– កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ប្រសិនបើប្រទេសលោកខាងលិច អនុញ្ញាតឱ្យអ៊ុយក្រែន វាយលុកចូលទឹកដីរុស្ស៊ី ដោយប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ នោះមានន័យថា បណ្តាប្រទេសណាតូ កំពុងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់។ លោក​បាន​និយាយ​ថា ចំណាត់ការ​នេះ នឹង​ផ្លាស់ប្តូរ​យ៉ាង​ច្បាស់​នូវ​ខ្លឹមសារ និងលក្ខណៈ​នៃ​ជម្លោះ ហើយជាជម្លោះដែលអាមេរិកចូលរួមដោយផ្ទាល់៕

 

You might like