អន្តរជាតិះ- ប្រទេសរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារតំបន់ភាគខាងលិចរបស់ប្រទេសនេះ ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលគេស្គាល់ថាជា ATACMS ។ ប្រធានាធិបតីអាមេរិក លោក Joe Biden តាមសេចក្តីរាយការណ៍ បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ពួកវា ដើម្បីវាយប្រហារលើគោលដៅនានា នៅក្នុងទឹកដីរុស្ស៊ី។
– ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កាំជ្រួចចំនួនប្រាំមួយត្រូវបានបាញ់ចូលទៅក្នុងតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែនកាលពីថ្ងៃអង្គារ ហើយក្នុងចំណោមនោះមានមីស៊ីចំនួន ៥បានធ្លាក់ចុះ ប៉ុន្តែបំណែកនៃមីស៊ីលមួយទៀតបានធ្លាក់នៅលើបរិវេណនៃទីតាំងយោធា បណ្តាលឱ្យមានអគ្គីភ័យកើតទ្បើង។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ភ្លើងបានរលត់ទៅវិញយ៉ាងឆាប់រហ័ស ហើយមិនមានអ្នករងរបួសនោះទេ។
– យោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារឃ្លាំងផ្ទុកគ្រាប់រំសេវមួយរបស់រុស្ស៊ីបណ្តាលឱ្យមានការផ្ទុះចំនួន ១២ លើក និងមានអគ្គិភ័យ។ ប៉ុន្តែគេមិនបានបញ្ជាក់ពីប្រភេទអាវុធដែលប្រើនោះទេ។ ទន្ទឹមនោះប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា វាជាលើកទីមួយហើយដែលក្រុងកៀវបានប្រើ ATACMS ផ្គត់ផ្គង់ដោយអាមេរិកសម្រាប់ការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី។ ឥឡូវនេះការយកចិត្តទុកដាក់គឺផ្តោតលើរបៀបដែលរុស្ស៊ីនឹងមានប្រតិកម្មចំពោះការវាយប្រហារចុងក្រោយរបស់អ៊ុយក្រែន។
– កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ប្រសិនបើប្រទេសលោកខាងលិច អនុញ្ញាតឱ្យអ៊ុយក្រែន វាយលុកចូលទឹកដីរុស្ស៊ី ដោយប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ នោះមានន័យថា បណ្តាប្រទេសណាតូ កំពុងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់។ លោកបាននិយាយថា ចំណាត់ការនេះ នឹងផ្លាស់ប្តូរយ៉ាងច្បាស់នូវខ្លឹមសារ និងលក្ខណៈនៃជម្លោះ ហើយជាជម្លោះដែលអាមេរិកចូលរួមដោយផ្ទាល់៕
