អ៊ីស្រាអែល ​ថ្កោលទោស​ UN ដែលលាបពណ៌រឿងប្រល័យពូជសាសន៍​នៅ​ហ្គាហ្សា​ ហើយថាជាអង្គការក្រោមអំណាចភេរវករផងដែរ

អន្តរជាតិះ- រដ្ឋាភិបាលអ៊ីស្រាអែល បានថ្កោលទោសអង្គការសហប្រជាជាតិ ចំពោះអ្វីដែលខ្លួនពណ៌នាថាជាការប្រឌិតប្រឆាំងនឹងក្រុងយេរ៉ូសាឡឹម បន្ទាប់ពីគណៈកម្មាធិការអង្គការសហប្រជាជាតិ ចោទប្រកាន់ថា សង្គ្រាមនៅហ្គាហ្សាគឺស្របទៅនឹងលក្ខណៈនៃអំពើប្រល័យពូជសាសន៍។

– ក្រសួងការបរទេសអ៊ីស្រាអែល បានឲ្យដឹងថា អង្គការសហប្រជាជាតិ កំពុងនិយាយអំពីរបាយការណ៍លំអៀង ចង់បំបែកអ៊ីស្រាអែល និងការប្រឌិតប្រឆាំងអ៊ីស្រាអែល ។

– ការលើកឡើងខាងលើនេះ កើតឡើងស្របពេលដែលគណៈកម្មាធិការពិសេសរបស់អង្គការសហប្រជាជាតិ ចោទអ៊ីស្រាអែលថា មានចេតនាបង្កឱ្យមានការស្លាប់ ការអត់ឃ្លាន និងរបួសធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយចោទប្រកាន់ថា ប្រើភាពអត់ឃ្លានជាវិធីសាស្រ្តនៃសង្គ្រាមផងដែរ ។ ប៉ុន្តែ​ក្រសួង​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​ការ​អះអាង​មិន​ពិត។

– ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងលោក Oren Marmorstein បានសរសេរ នៅលើ X ថា របាយការណ៍ UN គឺជាឧទាហរណ៍ដ៏គួរឱ្យរន្ធត់ ដោយផ្លាស់ប្តូរស្ថាប័ននេះទៅជាអង្គការមួយដែលស្ថិតក្រោមអំណាចភេរវករដែលវាយប្រហារជនស៊ីវិលក្នុងរដ្ឋប្រជាធិបតេយ្យ ។

– ជាមួយគ្នានោះ គណៈកម្មាធិការអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ថា តាមរយៈការឡោមព័ទ្ធរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ការរាំងស្ទះជំនួយមនុស្សធម៌ រួមជាមួយនឹងការវាយប្រហារតាមគោលដៅ ការសម្លាប់ជនស៊ីវិល និងបុគ្គលិកជំនួយ ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតរបស់អង្គការសហប្រជាជាតិ ដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ក៏ដូចជាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខក៏ដោយ ប៉ុន្តែក្រុងយេរ៉ូសាឡឹម ហាក់នៅតែបំពានដោយចេតនា។

– ទោះជាយ៉ាងណា ក្រសួង​ការ​បរទេស​របស់​អ៊ីស្រាអែល ​បាន​ទទូច​ថា សកម្មភាព​របស់​ខ្លួន​គឺ​ផ្តោត​តែ​លើ​ការកម្ចាត់​សមត្ថភាព​ភេរវជន​របស់​ក្រុម​ហាម៉ាសប៉ុណ្ណោះ ។

– ខណសហរដ្ឋ​អាមេរិក​ដែល​ជា​អ្នក​គាំទ្រ​ដ៏​ធំ​បំផុត​របស់​អ៊ីស្រាអែល​ ក៏បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​គណៈកម្មាធិការ​អង្គការសហប្រជាជាតិផងដែរ ៕

 

 

You might like