អន្តរជាតិះ- រដ្ឋាភិបាលអ៊ីស្រាអែល បានថ្កោលទោសអង្គការសហប្រជាជាតិ ចំពោះអ្វីដែលខ្លួនពណ៌នាថាជាការប្រឌិតប្រឆាំងនឹងក្រុងយេរ៉ូសាឡឹម បន្ទាប់ពីគណៈកម្មាធិការអង្គការសហប្រជាជាតិ ចោទប្រកាន់ថា សង្គ្រាមនៅហ្គាហ្សាគឺស្របទៅនឹងលក្ខណៈនៃអំពើប្រល័យពូជសាសន៍។
– ក្រសួងការបរទេសអ៊ីស្រាអែល បានឲ្យដឹងថា អង្គការសហប្រជាជាតិ កំពុងនិយាយអំពីរបាយការណ៍លំអៀង ចង់បំបែកអ៊ីស្រាអែល និងការប្រឌិតប្រឆាំងអ៊ីស្រាអែល ។
– ការលើកឡើងខាងលើនេះ កើតឡើងស្របពេលដែលគណៈកម្មាធិការពិសេសរបស់អង្គការសហប្រជាជាតិ ចោទអ៊ីស្រាអែលថា មានចេតនាបង្កឱ្យមានការស្លាប់ ការអត់ឃ្លាន និងរបួសធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយចោទប្រកាន់ថា ប្រើភាពអត់ឃ្លានជាវិធីសាស្រ្តនៃសង្គ្រាមផងដែរ ។ ប៉ុន្តែក្រសួង បានច្រានចោលការចោទប្រកាន់នេះថាជាការអះអាងមិនពិត។
– ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងលោក Oren Marmorstein បានសរសេរ នៅលើ X ថា របាយការណ៍ UN គឺជាឧទាហរណ៍ដ៏គួរឱ្យរន្ធត់ ដោយផ្លាស់ប្តូរស្ថាប័ននេះទៅជាអង្គការមួយដែលស្ថិតក្រោមអំណាចភេរវករដែលវាយប្រហារជនស៊ីវិលក្នុងរដ្ឋប្រជាធិបតេយ្យ ។
– ជាមួយគ្នានោះ គណៈកម្មាធិការអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ថា តាមរយៈការឡោមព័ទ្ធរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ការរាំងស្ទះជំនួយមនុស្សធម៌ រួមជាមួយនឹងការវាយប្រហារតាមគោលដៅ ការសម្លាប់ជនស៊ីវិល និងបុគ្គលិកជំនួយ ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតរបស់អង្គការសហប្រជាជាតិ ដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ក៏ដូចជាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខក៏ដោយ ប៉ុន្តែក្រុងយេរ៉ូសាឡឹម ហាក់នៅតែបំពានដោយចេតនា។
– ទោះជាយ៉ាងណា ក្រសួងការបរទេសរបស់អ៊ីស្រាអែល បានទទូចថា សកម្មភាពរបស់ខ្លួនគឺផ្តោតតែលើការកម្ចាត់សមត្ថភាពភេរវជនរបស់ក្រុមហាម៉ាសប៉ុណ្ណោះ ។
– ខណសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ីស្រាអែល ក៏បានច្រានចោលការចោទប្រកាន់របស់គណៈកម្មាធិការអង្គការសហប្រជាជាតិផងដែរ ៕
