លោក ហ្សេ លេនស្គីអះអាង​ថា ទាហានកូរ៉េខាងជើង បាន​រង​ការ​ខាត​បង់ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់ Kursk របស់​រុស្ស៊ី

អន្តរជាតិះ- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអះអាងថា ទាហានកូរ៉េខាងជើងបានចូលរួមសមរភូមិប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន ហើយបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងររួចទៅហើយ។

– លោក Zelenskyy បានធ្វើសេចក្តីថ្លែងការណ៍បែបនោះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Budapest ប្រទេសហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍។ លោកប្រធានាធិបតីបាននិយាយថា ទាហានកូរ៉េខាងជើងជាង 11,000 នាក់មានវត្តមាននៅក្នុងតំបន់ Kursk ជាកន្លែងដែលអ៊ុយក្រែនបានធ្វើការវាយប្រហារឆ្លងព្រំដែនចូលរុស្ស៊ី។ លោក​បាន​និយាយ​ថា ពួកគេ​ខ្លះ​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​យោធា​អ៊ុយក្រែន។

– ចំពោះ​ប្រតិកម្ម​ជុំវិញ​ការ​បញ្ជូន​ទាហាន​របស់​កូរ៉េ​ខាង​ជើង លោក Zelenskyy បាន​បញ្ជាក់​ថា ខណៈនេះ​មាន​ប្រទេស​ដែល​មាន​ប្រតិកម្ម មាន​ប្រទេស​ដែល​មិន​មាន​ប្រតិកម្មចំពោះសេចក្តីរាយការណ៍អំពីវត្តមានកងទ័ពកូរ៉េខាងជើងនៅរុស្ស៊ី។

– លោកក៏បានអំពាវនាវឱ្យមានការឆ្លើយតបយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយទទូចថា កូរ៉េខាងជើងអាចនឹងបង្កើនចំនួនទាហានរបស់ខ្លួននៅរុស្ស៊ី។ ដូច្នេះអន្តរជាតិត្រូវតែមានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហានេះ។

– ទន្ទឹមនឹងនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើថា រុស្ស៊ីអាចធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងជើង។ លោក ពូទីន មិនបានបដិសេធលទ្ធភាពធ្វើសមយុទ្ធនោះទេ នៅពេលដែលគាត់ត្រូវបានសួរអំពីវានៅក្នុងសន្និសីទស្តីពីកិច្ចការអន្តរជាតិនៅទីក្រុង Sochi ភាគខាងត្បូងនៃប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។

– ដោយនិយាយសំដៅលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែមិថុនានោះ លោក Putin បានចង្អុលបង្ហាញថាមាត្រាទី 4 របស់ខ្លួនអនុញ្ញាតឱ្យមានជំនួយយោធាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារ ឬស្ថិតក្នុងស្ថានភាពនៃសង្រ្គាម៕

 

You might like