អន្តរជាតិះ- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអះអាងថា ទាហានកូរ៉េខាងជើងបានចូលរួមសមរភូមិប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន ហើយបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងររួចទៅហើយ។
– លោក Zelenskyy បានធ្វើសេចក្តីថ្លែងការណ៍បែបនោះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Budapest ប្រទេសហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍។ លោកប្រធានាធិបតីបាននិយាយថា ទាហានកូរ៉េខាងជើងជាង 11,000 នាក់មានវត្តមាននៅក្នុងតំបន់ Kursk ជាកន្លែងដែលអ៊ុយក្រែនបានធ្វើការវាយប្រហារឆ្លងព្រំដែនចូលរុស្ស៊ី។ លោកបាននិយាយថា ពួកគេខ្លះបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងយោធាអ៊ុយក្រែន។
– ចំពោះប្រតិកម្មជុំវិញការបញ្ជូនទាហានរបស់កូរ៉េខាងជើង លោក Zelenskyy បានបញ្ជាក់ថា ខណៈនេះមានប្រទេសដែលមានប្រតិកម្ម មានប្រទេសដែលមិនមានប្រតិកម្មចំពោះសេចក្តីរាយការណ៍អំពីវត្តមានកងទ័ពកូរ៉េខាងជើងនៅរុស្ស៊ី។
– លោកក៏បានអំពាវនាវឱ្យមានការឆ្លើយតបយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយទទូចថា កូរ៉េខាងជើងអាចនឹងបង្កើនចំនួនទាហានរបស់ខ្លួននៅរុស្ស៊ី។ ដូច្នេះអន្តរជាតិត្រូវតែមានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហានេះ។
– ទន្ទឹមនឹងនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើថា រុស្ស៊ីអាចធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងជើង។ លោក ពូទីន មិនបានបដិសេធលទ្ធភាពធ្វើសមយុទ្ធនោះទេ នៅពេលដែលគាត់ត្រូវបានសួរអំពីវានៅក្នុងសន្និសីទស្តីពីកិច្ចការអន្តរជាតិនៅទីក្រុង Sochi ភាគខាងត្បូងនៃប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។

– ដោយនិយាយសំដៅលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែមិថុនានោះ លោក Putin បានចង្អុលបង្ហាញថាមាត្រាទី 4 របស់ខ្លួនអនុញ្ញាតឱ្យមានជំនួយយោធាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារ ឬស្ថិតក្នុងស្ថានភាពនៃសង្រ្គាម៕
