ភ្នំពេញ៖ ក្នុងឱកាសដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួន រៀបចំដង្ហែ«អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ទៅវត្តពោធិគិរីវង្សារាម ខេត្តព្រះត្រពាំង សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ប្រោសព្រះរាជទានព្រះរាជទ្រព្យចូលរួមអង្គកឋិនទានសរុបចំនួន២ម៉ឺនដុល្លារ…។
ការប្រោសព្រះរាជទានព្រះរាជទ្រព្យចូលរួមអង្គកឋិនទាននេះ ត្រូវបានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងឱ្យដឹងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលសម្តេចអញ្ជើញសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរក្រោម ក្នុង អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសម្តេច បានបង្ហាញក្ដីរំភើប និងសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីដង្ហែ «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» នេះ ដើម្បីនាំយកមកវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស នាពេលនេះ។ នេះបើតាមសារបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ជាមួយគ្នា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់ ក៏បានប្រទានព្រះរាជទ្រព្យចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរចំនួន ១ម៉ឺនដុល្លារអាម៉េរិក ស្មើនឹង២៥១លានដុង និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ ក៏បានសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជទ្រព្យ ចូលរួមអង្គកឋិនទាននេះ ចំនួន១ម៉ឺនដុល្លារអាម៉េរិកផងដែរ។ បច្ច័យរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី ព្រមទាំងក្រុមគ្រួសារ និងបច្ច័យទទួលបានពីសទ្ធាជ្រះថ្លារបស់មហាពុទ្ធបរិស័ទខ្មែរពីគ្រប់ទិសទី ដែលនឹងនាំមកសង្កត់ត្រៃនៃអង្គកឋិនទាន នឹងត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា។

គួរបញ្ជាក់ថា អង្គកឋិនទាននេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត ដោយក្នុងនោះ ការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម បានហែទៅដល់កាលពីនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅ រួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដែលបានដង្ហែទៅដោយផ្ទាល់៕
