អន្តរជាតិះ – ទីបំផុត តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាស្ថាប័នយុត្តិធម៌កំពូល របស់អង្គការសហប្រជាជាតិ (UN) បានសម្រេចថា ប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ក្នុងអំឡុងពេលបង្ក្រាបដោយយោធា កាលពីឆ្នាំ២០១៧។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមរយៈការបោះឆ្នោតដោយសំឡេង ៩ ទល់នឹង ៦ ក្នុងចំណោមក្រុមប្រឹក្សាចៅក្រមទាំង ១៥ រូបនៅទីក្រុងឡាអេ ប្រធាន ICJ លោក Yuji Iwasawa ត្រូវបានដកស្រង់សម្តីដោយ BBC ថ្លែងនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា៖ «មីយ៉ាន់ម៉ា មានចេតនាបំផ្លិចបំផ្លាញ មួយផ្នែកធំនៃប្រជាជនរ៉ូហ៊ីងយ៉ា ហើយបានបំផ្លាញព័ស្តុតាង ទ្រង់ទ្រាយធំ ដើម្បីលាក់បាំងឧក្រិដ្ឋកម្ម របស់ខ្លួន»។

– ក្នុងការរកឃើញនោះ! កងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ា បានសម្លាប់ជនស៊ីវិលរ៉ូហ៊ីងយ៉ា ប្រមាណ ១០ ០០០ នាក់ មានទាំងកុមារអាយុក្រោម ៥ ឆ្នាំរហូតដល់ទៅ ២ ១០៩ នាក់ផងដែរ។
– មិនត្រឹមប៉ុណ្ណឹង បើតាមការផ្សាយរបស់សារព័ត៌មាន NPR, កងទ័ពមីយ៉ាន់ម៉ា បានដុតបំផ្លាញភូមិឋានរាប់រយកន្លែង ជាពិសេសក្នុងរដ្ឋរ៉ាឃីន, ប្រព្រឹត្តអំពើហិង្សាផ្លូវភេទឥតរើសមុខ និងចូលរួមក្នុងការបំផ្លាញព័ស្តុតាងយ៉ាងធំធេង ជាហេតុបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ា ជាង ៧០០ ០០០ នាក់ ភៀសខ្លួនដោយថ្មើរជើង និងតាមទូក ប្រថុយគ្រោះថ្នាក់ ចូលទៅក្នុងប្រទេសបង់ក្លាដែស នៅជិតខាង។

– បន្ទាប់ពីសាលក្រមនេះ ICJ បានចេញបញ្ជា ដល់មីយ៉ាន់ម៉ា ឱ្យអនុម័តច្បាប់ ដើម្បីគោរពតាមអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ និងត្រូវធានាថា នឹងមិនឱ្យកើតមានឡើងវិញ ដាច់ខាត។
– លើសពីនេះ ICJ បញ្ជាឱ្យបើកការស៊ើបអង្កេត និងកាត់ទោសជាបន្ទាន់ ចំពោះបុគ្គលទាំងឡាយណា ដែលជាប់សង្ស័យ ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ហើយត្រូវផ្តល់សំណង និងការធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ចំពោះជនជាតិរ៉ូហ៊ីងយ៉ា។

– ទោះបីជាយ៉ាងណាក៏ដោយ មីយ៉ាន់ម៉ា បានបដិសេធយ៉ាងដាច់អហង្ការ លើការចោទប្រកាន់ទាំងនេះ ដោយលើកឡើងថា «ប្រតិបត្តិការបោសសម្អាត» ឆ្នាំ២០១៧ របស់ខ្លួននៅក្នុងរដ្ឋរ៉ាឃីន គឺជាការឆ្លើយតបប្រឆាំងភេរវកម្មស្របច្បាប់ ចំពោះការវាយប្រហារលើប៉ុស្តិ៍ប៉ូលិសដោយកងទ័ពសង្គ្រោះរ៉ូហ៊ីងយ៉ាអារ៉ាកាន (ARSA) ប៉ុណ្ណោះ។
– សូមជម្រាបថា សំណុំរឿងនេះ ត្រូវបានដាក់ប្តឹងទៅកាន់តុលាការដំបូង ក្នុងឆ្នាំ២០១៩ ដោយប្រទេសហ្គំប៊ី ខណៈសាលក្រមប្រវត្តិសាស្ត្រនេះ គឺជាលើកដំបូងក្នុងរយៈពេល ៨០ ឆ្នាំរបស់តុលាការ ដែលរដ្ឋមួយត្រូវបានកាត់ទោសឱ្យទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការរំលោភលើអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨។
– ជុំវិញសាលក្រមនេះដែរ អគ្គលេខាធិការ UN លោក António Guterres បានស្វាគមន៍ ដោយចាត់ទុក ជា «ការទទួលស្គាល់ដ៏មានឥទ្ធិពល ចំពោះជនរងគ្រោះរ៉ូហ៊ីងយ៉ា នៃអំពើប្រល័យពូជសាសន៍» និងជាការបញ្ជាក់ឡើងវិញ ប្រឆាំងនឹងនិទណ្ឌភាព៕

