តាមការប្រកាសរបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១វិច្ឆិកា មានតែតំបន់មាត់សមុទ្រប៉ុណ្ណោះដែល​អាចមានភ្លៀងធ្លាក់

ភ្នំពេញះ – យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩វិច្ឆិកានេះ ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាមិនមានភ្លៀងធ្លាក់នោះទេ លើកលែងតែនៅតាមតំបន់មាត់សមុទ្រប៉ុណ្ណោះដែលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់លើផ្ទៃដី១៥%។

– បើតាមក្រសួងធនធានទឹក ការណ៍ដែលធ្វើឲ្យនៅតាមតំបន់ភាគច្រើនមិនមានភ្លៀងធ្លាក់នោះ ក៏ដោយសារសម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូង បានថយឥទ្ធិពលលើរបបខ្យល់មូសុង ឦសាន ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការប្រកាសដដែល ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងធ្វើឱ្យធាតុអាកាសនៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យម​អតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម ៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់នោះទេ។

– តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តឧត្តរមានជ័យ កំពង់ស្ពឺ ប៉ៃលិន ជួរភ្នំដងរែក ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី និងតំបន់ជួរ ភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់នោះទេ។

– តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប​ដណ្តប់លើផ្ទៃដី ១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕

You might like