ធ្លាក់​យន្ត​ហោះ​​យោធា​រុស្ស៊ី​ នៅ​តំបន់​ស៊ីបេរី បណ្តាល​ឱ្យ​មនុស្ស​ ១៩នាក់​ ស្លាប់​ទាំង​អស់​

អន្តរជាតិះ – យោង​តាម​សេចក្តីថ្លែង​ការណ៍​ក្រសួងការពារជាតិរុស្ស៊ី ​ដែលត្រូវបានដកស្រង់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា យន្ត​ហោះយោធាមួយគ្រឿង ​បាន​ធ្លាក់​នៅ​តំបន់ស៊ីបេរី​ភាគខាងលិច បណ្តាលឱ្យមនុស្ស​​ទាំង ១៩នាក់នៅ​លើ​យន្តហោះ​ ស្លាប់ទាំងអស់។

– យន្តហោះ​ដឹកជញ្ជូន​ប្រភេទ Antonov An-12 នេះ បាន​ធ្លាក់នៅ​ក្នុង​តំបន់មួយ​ដែល​គ្មានមនុស្សរស់នៅ ក្បែរទីក្រុង Kemerovo ស្ថិតនៅ​ចម្ងាយប្រហែល ៣ ០០០គីឡូម៉ែត្រ ភាគខាង​កើត​នៃ​ទីក្រុងម៉ូស្គូ។ ជា​ធម្មតា យន្តហោះ​ប្រភេទ An-12 មានក្រុមអ្នក​​បើក​យន្តហោះ​ចំនួន ៦ នាក់។

យន្តហោះ​ដឹកជញ្ជូន​ប្រភេទ Antonov An-12

– ក្រុម​អ្នក​ជំនាញ​កង​ទ័ព​អាកាស​ កំពុង​ស៊ើប​អង្កេត​មូលហេតុនៃគ្រោះ​ថ្នាក់ធ្លាក់​នេះ ប៉ុន្តែ​ការ​រកឃើញជំហាន​ដំបូងថា វាអាចបណ្តាល​ម​កពីការ​ខូចខាតផ្នែក​បច្ចេកទេស។

– ទីភ្នាក់ងារ​សារព័ត៌​មាន RIA Novosti ដែលដកស្រង់​សម្តី​ក្រសួង បានឱ្យដឹង​​ថា៖ «គណៈ​កម្មការ​មួយ មក​ពីកង​កម្លាំង​អវកាស-អាកាស​រុស្ស៊ី កំពុង​ធ្វើការ​នៅកន្លែងកើតហេតុ ដើម្បីកំណត់​ឱ្យច្បាស់ រាល់​កាលៈ​ទេសៈ​ ជុំវិញហេតុ​ការណ៍នេះ»។

– លោក Ilya Seredyuk អភិបាល​តំបន់ បង្ហោះសារលើ​បណ្តាញ​ Telegram ពីកន្លែង​កើតហេតុថា ក្រុម​សង្គ្រោះបន្ទាន់​ បាន​ពន្លត់អគ្គិភ័យរួចរាល់​ហើយ។ ក្រុមការងារ​ កំពុងជួយស៊ើបអង្កេត​លើករណីគ្រោះ​ថ្នាក់នេះ។

– ក្នុងវីដេអូមួយ​ ដែលបង្ហោះតាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បង្ហាញ​ពីទីតាំង​កើត​ហេតុ​ នៅជិតភូមិ Yagunovo លោក Seredyuk ​បានបន្ត​ថា៖ «យន្តហោះ​នោះ​កំពុង​ហោះហើរឆ្លង​កាត់តំបន់​នេះ ពេលវាបាន​ធ្លាក់»។

– គណៈ​កម្មាធិការ​ស៊ើបអង្កេត ដែលជាស្ថាប័ន​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​កំពូល​របស់រុស្ស៊ី បាន​បើកការស៊ើបអង្កេត​លើលទ្ធភាព​ ចំពោះ​ការរំលោភច្បាប់​សុវត្ថិភាព​នៃការហោះ​ហើរ ​ដែលជាវិធាន​ការ​ស្តង់ដារ​មួយ​ បន្ទាប់ពី​មាន​ហេតុការណ៍​ធ្លាក់យន្ត​ហោះ។

យន្តហោះ​យោធា​រុស្ស៊ី​

– An-12 គឺជាយន្តហោះ​ដឹកជញ្ជូន​ប្រើម៉ាស៊ីន turboprop ចំនួន ៤ ​ផលិត​ដោយសហភាពសូវៀត និងត្រូវបានដាក់​ឱ្យប្រើប្រាស់​ តាំងពីចុង​ទសវត្សរ៍ឆ្នាំ១៩៥០ មក។ យន្តហោះ​ប្រភេទនេះ​ ត្រូវបានផលិតឡើង​ជាង ១ ០០០គ្រឿង ហើយមួយ​ចំនួន​ នៅតែបន្តដំណើរការ​ក្នុង​ប្រទេសរុស្ស៊ី និងប្រទេស​ដទៃទៀត។

កាល​ពីខែកញ្ញា យន្តហោះយោធារុស្ស៊ី​មួយ​គ្រឿងប្រភេទ Tupolev Tu-95 បាន​ធ្លាក់​ក្នុងតំបន់ Amur ភាគ​ខាងកើត បណ្តាលឱ្យ​សមាជិក​ក្រុម​អ្នក​បើក​យន្តហោះ​ចំនួន ៦នាក់ស្លាប់ និងម្នាក់ទៀត​រងរបួស៕

You might like