អន្តរជាតិះ- ក្រុមហ៊ូទីដែលជាផ្នែកមួយនៃចលនាឧទ្ទាម Ansar Allah ក្នុងប្រទេសយេម៉ែន បានរាយការណ៍ពីការវាយប្រហាររបស់ខ្លួនសំដៅលើស្ថានីយបូមប្រេងចំនួន ២ ដែលស្ថិតនៅភាគខាងលិចនៃរដ្ឋធានីរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
– លោក Yahya Saria អ្នកនាំពាក្យរបស់ក្រុមហ៊ូទី បានបង្ហោះនៅលើ Telegram ថា កងកម្លាំងប្រដាប់អាវុធរបស់យើង បានអនុវត្តន៍ប្រតិបត្តិការយោធាចំនួនពីរ។ ប្រតិបត្តិការទីមួយ គឺការប្រើប្រាស់យន្តហោះដ្រូនចំនួន ៣ គ្រឿង វាយប្រហារស្ថានីយបូមប្រេងលេខ ៩ នៃបំពង់បង្ហូរប្រេងខ្សែខាងកើត-ខាងលិច ដែលស្ថិតនៅភាគខាងលិចនៃទីក្រុងរីយ៉ាដ។
– ទន្ទឹមនោះ លោក បានបន្ថែមថា ប្រតិបត្តិការទីពីរ គឺសំដៅទៅលើស្ថានីយបូមប្រេងលេខ ៨ នៃបំពង់បង្ហូរប្រេងខ្សែដដែលនោះ។
– យោងតាមលោក Saria, ការវាយប្រហារទាំងនេះបានបង្កឱ្យមានអគ្គិភ័យឆេះនៅតាមទីតាំងទាំងនោះ ខណៈកម្រិតនៃការខូចខាតមិនត្រូវបានបញ្ជាក់។
– បំពង់បង្ហូរប្រេងខ្សែខាងកើត-ខាងលិចនេះ អាចបញ្ជូនប្រេងឆៅប្រមាណ ៤ លានបារ៉ែល ក្នុងមួយថ្ងៃទៅកាន់កំពង់ផែ Yanbu ។ បំពង់បង្ហូរប្រេងនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋអារ៉ាប៊ីសាអូឌីតដែលជាផ្នែកមួយនៃពាពិជ្ជកម្មប្រេង។
– ទោះជាយ៉ាងណា មកទល់ពេលនេះ អាជ្ញាធរអារ៉ាប៊ីសាអូឌីតនៅមិនទាន់ចេញមុខមកបញ្ជាក់ និងការព្រមានសងសឹកណាមួយនៅឡើយទេ៕
