អាមេរិក ប្រើលេសការពារខ្លួនវាយប្រហារទីតាំងបាញ់មីស៊ីលអ៊ីរ៉ង់លើកោះ Qeshm ជាថ្មី

អន្តរជាតិះ – យោងតាមមន្ត្រីយោធាអាមេរិកម្នាក់ បានឱ្យដឹងកាលពីថ្ងៃអង្គារ ជុំវិញការវាយប្រហារថ្មីចុងក្រោយដោយយន្តហោះចម្បាំងអាមេរិក ក្នុងន័យ «ការពារខ្លួន» ទៅលើកោះ Qeshm ដែលជាដែនកោះយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់។

– ការវាយប្រហារនោះ បានប្រើប្រាស់ «គ្រាប់រំសេវដែលមានភាពជាក់លាក់ខ្ពស់» ដើម្បីកំណត់គោលដៅទម្លាក់លើទីតាំងបាញ់បង្ហោះមីស៊ីលរបស់អ៊ីរ៉ង់មួយកន្លែង នៅលើកោះនេះ។

– មន្ត្រីខាងលើដដែល បានបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងអំពើឈ្លានពានរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលកំណត់គោលដៅលើបុគ្គលិកយោធា និងសព្វាវុធរបស់សហរដ្ឋអាមេរិកនៅបារ៉ែន។

– ទន្ទឹមនោះ លោក បានបន្ថែមថា បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនរួចរាល់យ៉ាងពេញលេញ ដើម្បីការពារជនជាតិអាមេរិកនៅទូទាំងតំបន់នេះ។

– ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា តំបន់មួយនៅជាយក្រុងលើកោះ Qeshm ក៏ត្រូវបានកំណត់ជាគោលដៅនៅក្នុង «ការវាយប្រហាររបស់សត្រូវ» ផងដែរ។

– លោក Ahmad Nafisi អភិបាលរងខេត្ត Hormozgan ទទួលបន្ទុកកិច្ចការនយោបាយ និងសន្តិសុខ បានថ្លែងថា ការវាយប្រហារនេះមិនបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ តំបន់ពាណិជ្ជកម្ម ឬតំបន់លំនៅឋានឡើយ។

– ទោះជាយ៉ាងណា ជុំវិញបញ្ហានេះ មន្ត្រីអាមេរិក បានបញ្ជាក់ថា វាគឺជាសកម្មភាពដែលមានលក្ខណៈការពារខ្លួនប៉ុណ្ណោះ មិនមានបំណងបង្កើនភាពតានតឹងនោះទេ។

– គួរបញ្ជាក់ថា ថ្មីៗនេះ នាវាផ្ទុកយន្តហោះគ្រឿងទី ៣ របស់សហរដ្ឋអាមេរិក បានទៅដល់តំបន់ទទួលខុសត្រូវនៃបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក។ ក្រុមនាវានេះ ត្រូវបានគេរំពឹងថា នឹងចូលរួមយ៉ាងហោចណាស់ក៏ជាបណ្តោះអាសន្នក្នុងប្រតិបត្តិការដែលកំពុងដំណើរការ រួមមានការអនុវត្តការបិទផ្លូវនៅតាមកំពង់ផែរបស់ប្រទេសអ៊ីរ៉ង់ និងការផ្តល់ការការពារដល់នាវាពាណិជ្ជកម្មនានា ដែលមានបំណងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ៕

You might like