អន្តរជាតិះ – កាសែត The Japan Times ដកស្រង់សម្តីពីក្រសួងការពារជាតិជប៉ុន នៅព្រឹកថ្ងៃអង្គារ នេះ ថា យន្តហោះយោធាចំនួន ២ គ្រឿង ដែលគេជឿថា ជារបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានរំលោភចូលដែនអាកាសជប៉ុន នៅជិតកោះ Okinoshima ក្នុងខេត្ត Fukuoka ខណៈកងកម្លាំងការពារខ្លួនដែនអាកាសជប៉ុន បានបញ្ជូនយន្តហោះចម្បាំងស្ទាក់ភ្លាមៗ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

យន្តហោះយោធារុស្ស៊ី។ រូបភាព៖ Reuters
– ក្រសួងការពារជាតិជប៉ុនឱ្យដឹងថា យន្តហោះចម្បាំងរបស់ខ្លួន បានធ្វើការព្រមានទៅលើយន្តហោះដែលសង្ស័យជារបស់រុស្ស៊ី ព្រមទាំងចាត់វិធានការផ្សេងទៀត ដោយមិនបញ្ជាក់លម្អិត។ យន្តហោះទាំងនោះ បន្តហោះកាត់ច្រកសមុទ្រ Tsushima បន្ទាប់មក ហោះឆ្លងកាត់កោះ Yonaguni ក្នុងខេត្ត Okinawa និងកោះតៃវ៉ាន់ មុននឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិក ខាងលិច។
– យោងតាមកាសែត The Japan Times រុស្ស៊ី តែងតែបញ្ជូនយន្តហោះយោធា ចូលទៅក្នុងដែនអាកាសអន្តរជាតិ ជុំវិញប្រទេសជប៉ុនជាញឹកញាប់។ ការចូលទៅក្នុងដែនអាកាសរបស់ជប៉ុន នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា នេះ ទំនងជាមានបំណងសាកល្បងប្រតិកម្មរបស់ទីក្រុងតូក្យូ និងវាយតម្លៃពីរយៈពេល ដែលកងកម្លាំងស្វ័យការពារជប៉ុន ចំណាយក្នុងការឆ្លើយតប ចំពោះហេតុការណ៍នេះ។
– ការហោះហើររបស់យន្តហោះរុស្ស៊ី បានកើតឡើង មុនកិច្ចប្រជុំត្រីភាគី គ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍រ ទី១៩ ខែវិច្ឆិកា វាងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មេដឹកនាំចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខាងក្រៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Shenzhen ប្រទេសចិន។
– មិនខុសគ្នាប៉ុន្មាន កូរ៉េខាងត្បូង ក៏បានបញ្ជូនយន្តហោះចម្បាំង ទៅកាន់តំបន់ជុំវិញនោះផងដែរ។ សេចក្តីថ្លែងការណ៍របស់នាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ដកស្រង់ដោយសារព័ត៌មាន Yonhap ឱ្យដឹងថា យោធាបានរកឃើញយន្តហោះរុស្ស៊ី មុនពេលពួកគេចូលទៅក្នុងដែនអាកាសកូរ៉េខាងត្បូង ហើយបានបញ្ជូនយន្តហោះចម្បាំងទៅកាន់តំបន់ជុំវិញនោះ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នដែលអាចកើតមាន។ ក្រោយមក យន្តហោះទាំងនោះ បានចាកចេញដោយមិនរំលោភលើដែនអាកាសកូរ៉េខាងត្បូងឡើយ។

យន្តហោះចម្បាំងជប៉ុន
– កាលពីខែធ្នូ ឆ្នាំ២០២៥ ប្រទេសជប៉ុនបានបញ្ជូនយន្តហោះចម្បាំងជាបន្ទាន់ ដើម្បីតាមដានយន្តហោះរបស់រុស្ស៊ី និងចិន ដែលកំពុងធ្វើប្រតិបត្តិការល្បាតរួមគ្នា លើមហាសមុទ្រប៉ាស៊ីហ្វិក។
– ដោយឡែក ឆ្នាំ២០២២ ប្រទេសកូរ៉េខាងត្បូងបានលើកឡើងថា យន្តហោះយោធារបស់រុស្ស៊ី បានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ដោយគ្មានការជូនដំណឹងជាមុន៕
