អន្តរជាតិះ – ក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាមកំពុងបង្កើនជើងហោះហើរត្រង់ទៅកាន់ទីក្រុងសំខាន់ៗរបស់ចិន ដូចគ្នានឹងក្រុមហ៊ុនអាកាសចរណ៍ចិនមកវៀតណាម ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការធ្វើដំណើររវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃចន្ទ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រុមហ៊ុនអាកាសចរណ៍ Vietravel Airlines បានចាប់ផ្ដើមបើកជើងហោះហើរត្រង់ជារៀងរាល់ថ្ងៃរវាងទីក្រុងហាណូយ និងទីក្រុង Shenzhen ប្រទេសចិន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បន្ទាប់ពីបានបើកជើងហោះហើររវាងទីក្រុងហូជីមិញ និងទីក្រុង Shenzhen កាលពី ៣ ខែមុន។
– ការបើកផ្លូវហោះហើរថ្មីនេះ ធ្វើឡើងមុនកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Shenzhen នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកជំនួញ និងអ្នកចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនេះ។
– ក្រៅពីនោះ Vietravel Airlines ក៏បានចាប់ផ្ដើមលក់សំបុត្រសម្រាប់ជើងហោះហើរថ្មីពីទីក្រុងហូជីមិញ និងហាណូយ ទៅកាន់ទីក្រុង Chongqing ផងដែរ ដែលគ្រោងចាប់ផ្ដើមនៅខែក្រោយ។
– ចំណែកក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងបើកជើងហោះហើររវាងទីក្រុងហាណូយ និងទីក្រុង Hangzhou ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ដោយមាន ៤ ជើង/សប្ដាហ៍។ រីឯក្រុមហ៊ុនអាកាសចរណ៍ Sun PhuQuoc Airways ដែលទើបបង្កើតថ្មី នឹងចាប់ផ្ដើមហោះហើររវាងទីក្រុងហាណូយ និងទីក្រុងសៀងហៃ នៅថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីបានបើកផ្លូវហោះហើររវាងទីក្រុងហូជីមិញ និងសៀងហៃកាលពីខែមុន។
– ក្រុមហ៊ុនអាកាសចរណ៍ចិន Air China ឯណោះវិញ បានបង្កើនជើងហោះហើររវាងទីក្រុងប៉េកាំង និងទីក្រុងហូជីមិញ ពី ៤ ជើង ដល់ ៧ ជើង/សប្ដាហ៍ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ដែលធ្វើឱ្យចំនួនជើងហោះហើរសរុបរបស់ក្រុមហ៊ុននេះទៅកាន់ប្រទេសវៀតណាមកើនដល់ ៤០ ជើង/សប្ដាហ៍។
– កំណើននៃជើងហោះហើរបច្ចុប្បន្ន កើតឡើងចំពេលវិស័យទេសចរណ៍រវាងប្រទេសទាំង២ កំពុងមានភាពរីកចម្រើន។ ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ២០២៦ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១៩,៥ លាននាក់ កើនឡើង ១៣,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ភ្ញៀវទេសចរចិនដីគោកមានចំនួន ៤,៣ លាននាក់ ដែលជាទីផ្សារទេសចរណ៍ធំជាងគេរបស់វៀតណាម។
– ចំណែកចិនវិញ ទទួលបានភ្ញៀវទេសចរបរទេសចំនួន ១១,៦ លាននាក់ ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា កើនឡើង ១៥,៦% ដោយសារប្រទេសនេះបានបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ក្នុងរយៈពេលនេះ វៀតណាមជាប្រភពភ្ញៀវទេសចរចូលប្រទេសចិនធំលំដាប់ទី ៣ បន្ទាប់ពីរុស្ស៊ី និងកូរ៉េខាងត្បូង។
– អ្នកជំនាញទេសចរណ៍បានលើកឡើងថា វៀតណាមគួរបង្កើនជើងហោះហើរនៅរដូវទេសចរណ៍កំពូលពីទីផ្សារសំខាន់ៗ ដូចជាប្រទេសចិន ដើម្បីបំពេញកំណើនតម្រូវការធ្វើដំណើរ។ ពួកគេបានណែនាំឱ្យក្រុមហ៊ុនទេសចរណ៍វៀតណាមបង្កើនការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមពេញនិយមរបស់ចិន ដូចជា Douyin និង Xiaohongshu ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ជាពិសេសយុវជនដែលប្រើប្រាស់បណ្ដាញទាំងនេះ ដើម្បីស្វែងរកគោលដៅទេសចរណ៍ និងរៀបចំគម្រោងវិស្សមកាល៕

